(ស្ទឹងត្រែង) ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន ៧ ឱ្យប្រើប្រាស់ជាផ្លូវការជូនដល់ប្រជាពលរដ្ឋចំនួន ១៣៥ គ្រួសារ ស្មើនឹង ៦២៣ នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មានប្រសាសន៍នាក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីនោះ ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជាពិសេសត្រូវពិសារទឹកឆ្អិនជាប្រចាំ។ សូមបងប្អូនចូលរួមថែរក្សាសមិទ្ធផលអណ្ដូងនេះឱ្យបានគង់វង្សយូរអង្វែង។ សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្ន និងស្វែងរកព័ត៌មានឱ្យបានគ្រប់គ្រាន់មុននឹងធ្វើចំណាកស្រុក ដើម្បីជៀសវាងការចាញ់បោកជនខិលខូច។ ជាពិសេសជាងនេះទៀត ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ដែលបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យប៉ះពាល់ដលសណ្ដាប់ធ្នាប់សង្គម ។ ជាមួយគ្នានេះ សូមបងប្អូនត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ។
ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងឱកាសនោះ សម្រាប់ស្ត្រីម្នាក់ៗទទួលបានសារុង១ និងបុរសទទួលបានក្រមា១។ ក្រោយពីទទួលបានសមិទ្ធផលនេះហើយ ប្រជាពលរដ្ឋមានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលសម្ដេចតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូនអណ្ដូងទឹកស្អាតសរុបចំនួន ២៦៧ អណ្ដូង ដល់ប្រជាពលរដ្ឋនៅតាមជនបទក្នុងខេត្តចំនួន ៩ ដែលក្នុងនោះខេត្តស្ទឹងត្រែងទទួលបាន ៤២ អណ្ដូង រួមមាន ស្រុកថាឡាបរិវ៉ាត់ចំនួន ៣៥ អណ្ដូង និងស្រុកសៀមបូក ចំនួន ៧ អណ្ដូង៕