(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដ៏ឆ្នើមរបស់កម្ពុជាចំនួន៤រូប បានឈ្នះការប្រកួតប្រជែងផ្នែក បច្ចេកវិទ្យាសារទូរគមនាគមន៍ (2017 UNESCO-UNITWIN International ICT Competition)។ កម្មវិធីប្រកួតប្រជែងនេះ រៀបចំដោយសាកលវិទ្យាល័យ Sookmyung Women’s របស់ប្រទេសកូរ៉េ និងមានការសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់កម្ពុជា។យុវតីឆ្នើមកម្ពុជា៤រូបរួមមាន យុវតី យ៉យ រចនា សិក្សាជំនាញភាសាអង់គ្លេស យុវតី សេង ស្រីអូន សិក្សាជំនាញព័ត៌មានវិទ្យា យុវតី មិន ស្រីមុំ និងយុវតី លន សារី សិក្សាជំនាញភូមិវិទ្យា។
លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជ័យជំនះរបស់និស្សិតទាំង៤រូបនេះ គឺជាមោទនភាពមួយសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាសម្រាប់ ប្រទេសកម្ពុជាទាំងមូលផងដែរ។ លោកស្រីបណ្ឌិត បានបន្ថែមថា សាកលវិទ្យាល័យគ្រាន់តែជាអ្នកចង្អុលបង្ហាញទិសឲ្យពួកគាត់ តែអ្វីដែលសំខាន់សម្រាប់ពួកគាត់ផ្ទាល់ គឺដែលត្រូវប្រឹងប្រែង រៀនសូត្របន្ថែម និងអភិវឌ្ឍន៍ខ្លួនឯង ដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិត។
លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី បានបញ្ជាក់ថា តាមពិតទៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយ Sookmyung Women’s University នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦។ កិច្ចព្រមព្រៀងនេះផ្តោតសំខាន់ទៅលើការ សហប្រតិបត្តិការ ផ្នែកស្រាវជ្រាវ បង្កើតកម្មវិធីសិក្សាអប់រំ ការរៀបចំសន្និសីទ និងកម្មវិធីបណ្តុះបណ្តាលរួមគ្នា ការផ្លាស់ប្តូរនិស្សិត អ្នកស្រាវជ្រាវ និងបុគ្គលិកបង្រៀនជាដើម។ បន្ទាប់ពីមានសហការគ្នារួចមក នេះគឺជាការប្រកួតលើកដំបូង ហើយក៏ជាមោទនាភាពដែលនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកទទួលបានជ័យលាភីលេខមួយ ពីប្រទេសកូរ៉េ យកឈ្នះបណ្តាប្រទេសមួយចំនួនទៀត ដូចជាប្រទេសវៀតណាម ឡាវជាដើម។
ផ្តល់កិច្ចសំភាសន៍ ជូនអង្គភាពព័ត៌មាន Fresh News យុវតីឆ្នើមកម្ពុជា៤រូប ដែលទទួលបានជ័យលាភីលេខ១ លើការប្រកួត ប្រជែង ផ្នែកបច្ចេកវិទ្យាសារទូរគមនាគមន៍ ពីប្រទេសកូរ៉េ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពីភាពជោគជ័យដ៏អស្ចារ្យ និង នឹកស្មានមិនដល់នេះ។ យុវតី យ៉យ រចនា តំណាងឲ្យក្រុមផ្ទាល់ បានបញ្ជាក់ថា ការប្រកួត ផ្នែកបច្ចេកវិទ្យា សារទូរគមនាគមន៍នេះ គឺពិតជាមានការលំបាកខ្លាំង ទាំងការជ្រើសរើសសំភារៈ និងការរកនឹកនូវគំនិតថ្មីៗ ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍឲ្យឧបករណ៍ទាំងនោះ អាចប្រើប្រាស់បាន និងមានផលប្រយោជន៍ដល់ប្រជាជន។
យុវតី រចនា បានបន្ថែមថា ក្រុមរបស់ខ្លួនបានជ្រើសរើសយកការបង្កើត «ការបញ្ជាម៉ាស៊ីនឲ្យបញ្ឈប់ដោយខ្លួនឯង និងបច្ចេកវិទ្យាបញ្ចេញទឹកតាមម៉ាស៊ីន នៅពេលដីមានសំណើម និងការធ្វើ រស្មីសំយោគឲ្យរុក្ខជាតិនៅពេលយប់» ដើម្បីយកទៅប្រកួតប្រជែង។ កញ្ញា ថា ទោះបីជាមានការលំបាក តែពួកយើងនៅតែប្រឹងប្រែងជំនះ និងស្រាវជ្រាវផង និងទទួលបានការផ្តល់យោបល់ល្អៗពីគ្រូ និងរៀមច្បងបន្ថែមទៀត ទើបធ្វើឲ្យពួកគាត់ទទួលបានជោគជ័យសម្រាប់ សាកលវិទ្យាល័យផង និងសម្រាប់កម្ពុជាផង។
យុវតីឆ្នើមកម្ពុជា៤រូប ក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់ឱកាស និងជួយជ្រោមជ្រែងពួកគាត់ តាំងពីពេលចុះឈ្មោះ រហូតទទួលបានជ័យលាភីនាពេលនេះ។
ពួកគាត់ដែលមានវ័យមិនលើសពី២០ឆ្នាំផង បានប្តេជ្ញាចិត្តបន្ថែមថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមការប្រកួតផ្សេងៗទៀត ជាមួយបណ្តាប្រទេសដទៃទៀត ជាពិសេស គឺបង្ហាញសមត្ថភាពដែលមានឲ្យប្រទេសដទៃទៀតបានដឹងថា យុវជនកម្ពុជា គឺពិតជាមានសមត្ថភាព និងចំណេះដឹង មិនចាញ់និស្សិតបរទេសនោះទេ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យ Sookmyung Women’s របស់ប្រទេសកូរ៉េ បានបង្កើតការប្រកួត 2017 UNESCO-UNITWIN International ICT Competition ដោយមានការសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)តាមរយៈ កិច្ចសហប្រតិបត្តិការល្អ ក្នុងកិច្ចព្រមព្រៀងគ្នា កាលពីឆ្នាំ២០១៦មក។
ដោយការប្រកួតនេះ ផ្តើមចេញពីការបើកវគ្គបណ្តុះបណ្តាលដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានដាក់ពាក្យចូលរួមជាមុន ដោយការសិក្សានូវជំនាញ បច្ចេកវិទ្យាសារទូរគមនាគមន៍ (ICT) ចំនួន៤០នាក់ (ជ្រើសរើសតែនិស្សិតស្រីតែប៉ុណ្ណោះ) ដោយបែងចែកជា ១០ក្រុមក្នុង១ក្រុម មានសមាជិក៤នាក់។
ក្នុងរយៈពេល៥ថ្ងៃ ក្រុមនីមួយៗត្រូវចូលរួមវគ្គបណ្តុះបណ្តាលលើផ្នែកផ្សេងៗគ្នា ដូចជា សិក្សាពីមូលដ្ឋានគ្រឺះ វគ្គ Arduino វគ្គ Microsoft Office Video Production និងវគ្គចុងក្រោយ ជាការឡើងធ្វើបទបង្ហាញ និងការវាយតម្លៃជម្រុះ យកមួយក្រុម ដែលមានស្នាដៃល្អ និងមានគំនិតច្នៃប្រឌិត ដើម្បីយកទៅប្រកួតប្រជែងនៅប្រទេសកូរ៉េ។
ក្រោយមក ក្រុមដែលទទួលបានការជម្រុះប្រចាំប្រទេស នឹងត្រូវទៅប្រកួតប្រជែងនៅប្រទេសកូរ៉េ ដោយចូលរួមការប្រកួត ជាមួយបណ្តាប្រទេសដទៃទៀត៕