(ស្ទឹងត្រែង)៖ រថយន្តសាំយ៉ុងចំនួន៥គ្រឿងផ្ទុកទៅដោយឈើមូលពេញ បានដឹកឈើចេញពីស្រុកថាឡាបរិវ៉ាត់ ឆ្លងកាត់ស្ពានមេគង្គរហូតមកដល់ ចំណុចគល់ស្ពានមេគង្គត្រើយខាងកើត នៅភូមិកាំមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ធ្វើការស្ទាក់ចាប់បានតែម្ដង។
ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ។
មន្ត្រីរដ្ឋបាលព្រៃឈើបានលួចបង្ហើបថា រថយន្តសាំយ៉ុងដឹកឈើខាងលើនេះ បានធ្វើសកម្មភាពដឹកឈើចេញស្រុកថាឡាបរិវ៉ាត់ បានបង្កការភិតភ័យដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ លេខ៩នេះ អាចជួបគ្រោះថា្នក់ចរាចរណ៍ជាយថាហេតុ ព្រោះតែរថយន្តសាំយ៉ុងដឹកឈើទាំងអស់នេះ បើកបរក្នុងស្ថានភាពយ៉ាងលឿន ឬបើកបរខ្វះការប្រុងប្រយ័ត្ន អាចបង្កឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះហើយប្រជាពលរដ្ឋ ក៏សំណូមពរដល់អាជ្ញាធរ ឬមន្រ្តីជំនាញមេត្តាជួយទប់ស្កាត់រាល់សកម្មភាពរាល់រថយន្តដឹកឈើទាំងអស់នេះផង ព្រោះដើម្បីបញ្ជៀសនៅគ្រោះថ្មាក់ផ្សេងៗ។
បច្ចុប្បន្នរថយន្តសាំយ៉ុងដឹកឈើទាំងអស់នេះ ត្រូវកម្លាំងជំនាញរដ្ឋបាលព្រៃឈើ អូសយកមករក្សារទុកនៅខណ្ឌរដ្ឋបាលខេត្ត ដោយឡែកចំនួនឈើពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ រង់ចាំធ្វើការវាសវែងនៅពេលក្រោយ៕