(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ទោះបីជាគ្មានវត្តមានរបស់ អតីតគណបក្សសង្គ្រោះជាតិ ក៏ដំណើរការ បោះឆ្នោតនាឆ្នាំ២០១៨ នៅតែបន្តទៅមុខជាធម្មតា។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការរំលាយគណបក្សសង្គ្រោះជាតិ មិនប៉ះពាល់ដល់ដំណើរការ លទ្ធិប្រជាធិបតេយ្យនោះឡើយ។ (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ខណៈសម្តេចអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ។
ថ្លែងចេញពីក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបានក្លាយជាចំណាប់ខ្មាំងរបស់នរណាម្នាក់នោះទេ គ្មានអ្នកឯងក៏ការបោះឆ្នោត ក៏នៅតែធ្វើ សុំផ្តាំទៅឲ្យហើយ ហើយក៏ត្រូវយល់ឲ្យច្បាស់ពីរដ្ឋធម្មនុញ្ញានៃ ព្រះរាជាណាចក្រកម្ពុជា អំពីចំណុចដែលចែងថា សភាមានអាណត្តិ៥ឆ្នាំ សភាមិនអាចរំលាយមុនអាណ្ត្តិតបានទេ ចង់ចាំកន្លែងនេះឲ្យច្បាស់»។
កន្លងមកប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថា បើទោះបីអវត្តមានអតីតគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការ បោះឆ្នោតទៀតនោះ ក៏ដំណើរការបោះឆ្នោត នៅកម្ពុជានៅតែបន្ដដំណើរការដដែល ជាក់ស្ដែងនៅពេលខាងមុខនេះកម្ពុជា នឹងរៀបចំការបោះឆ្នោត ជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភា។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយ គណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធ ឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាស ហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ ផងដែរ៕