(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សមិទ្ធផលដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺកើតចេញពីការប្រឹងប្រែងខ្លាំងណាស់ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្ទុយពីអតីតគណបក្សប្រឆាំង តែងតែអំពាវនាវឲ្យបរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញរបស់កម្ពុជាជាដើម។ (សូមទស្សនាវិដេអូប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន)
ការមានប្រសាសន៍ខាងលើនេះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ខណៈសម្តេចអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង១៥,០០០នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលតាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ អ្វីដែលបាននិងកំពុងកើតនៅលើទឹកដីប្រទេសកម្ពុជា ក្មួយៗ (កម្មករ កម្មការិនី) កំពុងមានការងារធ្វើ និងប្រាក់ចំណូលមិនមែនបានមកពីការបង្ខិតបង្ខំរបស់អ្នកណា ជាពិសេសបក្សប្រឆាំងតែងតែអួតអាង ប៉ុន្ដែតែបក្សប្រឆាំងតែងតែទៅប្រាប់គេប្រាប់ឯងថា កុំផ្ដល់ជំនួយមកកម្ពុជា កុំទិញទំនិញពីកម្ពុជា និងកុំវិនិយោគមកកាន់កម្ពុជា»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា អ្វីដែលអតីតបក្សបានធ្វើ គឺអំពាវនាវឲ្យបរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញនោះ មិនទើបតែនឹងធ្វើនៅថ្ងៃនេះទេ ក្រុមប្រឆាំងធ្វើយូរណាស់មកហើយ ធ្វើរហូតដល់រាជរដ្ឋាភិបាលចាប់ថ្នាក់បានថា ជាដំណើរការបដិវត្តន៍ពណ៌ នៃការបំផ្លិតបំផ្លាញ ហើយក្រុមប្រឆាំងនោះក៏ត្រូវទទួលរងនូវទណ្ឌកម្ម ដែលមិនអាចលើកលែង និងអត់ឱនឲ្យបាននោះទេ ជាក់ស្ដែងបក្សសង្គ្រោះជាតិ ត្រូវបានកាត់រំលាយជាដើម។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលដីកាបិទផ្លូវតវ៉ារបស់តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សប្រឆាំងធំជាងគេមួយនេះ បានឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកាត់ទោសថ្នាក់ដឹកនាំ គណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕