(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រះរាជតំណាងព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព បើកអនុសំវច្ឆរៈមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេសលើទី២៦ នៅសាលសន្និសីទចតុមុខ។
ក្នុងព្រះបរមនាមព្រះមហាក្សត្រ, សម្តេចពញាចក្រី ហេង សំរិន បានសម្តែងនូវការកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណ ចំពោះសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះមហាថេរ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធសាសនិកទាំងអស់ព្រមទាំរាជរដ្ឋាភិបាល ដែលបានរួមគ្នាទ្រទ្រង់ ព្រះពុទ្ធសាសនាឲ្យ មានការរីកចម្រើនសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិ។
ទន្ទឹមនឹងនេះ សម្តេចប្រធានរដ្ឋសភា មានក្តីរីករាយណាស់ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើរ របស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជនរួមសាមគ្គី ក្រោមព្រះរាជកិច្ចដឹកនាំរបស់ សម្តេចព្រះអគ្គសង្ឃរាជទាំងពីរព្រះអង្គ ដែលនៅតាមទីវត្តអារាមលោកតាជី លោកយាយជី លោកមានសន្តានចិត្តជ្រះថ្លាបានលះបង់កម្លាំងកាយចិត្ត បូជាចំពោះព្រះរតនត្រ័យ និងបានជួយអប់រំកូនចៅឲ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិ។
ជាមួយគ្នានេះ សម្តេច ហេង សំរិន បានកោតសរសើរអង្គមហាសន្និបាត ដែលចាប់អារម្មរណ៍លើការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងអភិបាលកិច្ច ការគោរពប្រតិបត្តិធម៌វិន័យ ចូលរួមការងារសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជាពិសេស ការអប់រំសីលធម៌សង្គមអោយល្អផូរផង់។ ការពង្រឹងគុណភាព លើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្រ្តីសង្ឃ ត្រូវផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីឲ្យកិច្ចការពុទ្ធសាសនា មានសណ្តាប់ធ្នាប់ល្អធានាបាននូវសាមគ្គីភាព ក្នុងជួរពុទ្ធសាសនិកជន ជាប្រការសំខាន់បំផុត។
សម្តេចពញាចក្រី បានសំណូមពរដល់សាសនិកទាំងអស់ មេត្តាចូលរួមបំពេញ កុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សាការពារ សេចក្តីសុខសន្តិភាព ស្ថិរភាពសាមគ្គីភាពក្តីសង្ឃឹមលើកស្ទួយការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សំបូរសប្បាយតរៀងទៅ៕