(ភ្នំពេញ)៖ ក្នុងឱកាសដាក់បង្ហាញសូត្រខ្មែរ ដ៏ល្អឥតខ្ចោះ ជាមួយនិងម្ហូបដ៏ឈ្ងុយឆ្ងាញ់ពិសា និងស្រាក្រហមរស់ជាតិដើម ដែលធ្វើឡើង នៅភោជនីយដ្ឋាន អ៊ុយគុយទាវ បឹងកេងកង ដែលបានសហការរៀបចំជាមួយអង្គការក្រៅរាជរដ្ឋាភិបាល Soieries du Mekong (Mekong Silks) ទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីភ្ញៀវជាតិ-និងអន្ដរជាតិ។
នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Almond Group ហើយក៏ជាម្ចាស់ពាននារីឆ្នើមរបស់ស្ដ្រីក្នុងវិស័យទេចរណ៍ កញ្ញា ផល លក្ខិណា បានថ្លែងថា «ការរៀបចំព្រឹត្ដិការណ៍នេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់តម្លៃស្ដ្រីនៅកម្ពុជា និងប្រពៃណីវប្បធម៌ខ្មែរ ពិសេសជំរុញលើកទឹកចិត្ដឲ្យប្អូនៗស្ដ្រី ឲ្យបន្ដកិច្ចខិតខំប្រឹងប្រែង ពង្រឹងជំនាញរបស់ខ្លួនបន្ថែមទៀត ជាមួយនិងទេសកោសល្យ ដែលខ្លួនមានស្រាប់ មកបង្ហាញពីស្នាដៃ ដ៏ប្រណិតនេះជូនភ្ញៀវជាតិ និងអន្ដរជាតិ» ។
នាយកគ្រប់គ្រងរូបនេះ បានថ្លែងថា «ព្រឹត្ដិការណ៍នេះ យើងក៏មាននូវការដើរបង្ហាញម៉ូដ ជាមួយនិងការចៃ្នប្រឌិតលើសម្លៀកបំពាក់ ដ៏ស្រស់ស្អាត សម្រាប់ក្រមា និងកន្សែងសូត្រខ្មែរសុទ្ធ១០០% នេះ តុបតែងលើករាងកាយ កាន់តែស្រស់ស្អាត និងទាក់ទាញជាទីបំផុត ។ក្នុងនោះយើងមានការរៀបចំអាហារល្ងាចដ៏ឈ្ងុយឆ្ងាញ់ផងដែរ ជាមួយស្រាក្រហមរសជាតិដើម ដ៏ពិសេសទៀត នឹងធ្វើឲ្យព្រឹត្ដិការណ៍នេះ កាន់តែអស្ចារ្យ» ។
សូត្រដែលបានដាក់បង្ហាញ នៅភោជនីយដ្ឋាន អ៊ុយគុយទាវនេះ មានជាច្រើនប្រភេទ ច្នៃយ៉ាងប្រណិត គុណភាពខ្ពស់ សម្រស់ស្រស់ស្អាត ប្រើប្រាស់ បានគ្រប់កម្មវិធី ធានាថាប្លែក និងជួយបន្ថែមសម្រស់ ទៅលើសម្លៀកបំពាក់ កាន់តែស៊ីវីល័យ ៕