(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះឃ្លាំងតម្លើងរថយន្ដសម្រាប់លក់ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានរលត់ទៅវិញហើយ បន្ទាប់ពីសមត្ថកិច្ច និងអាជ្ញាធរ បានបើកប្រតិបត្ដិការរួមគ្នាជួយអន្ដរាគមន៍បាញ់ពន្លត់។
នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា សម្រាប់ប្រតិបត្តិការ ពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរហូតដល់២៩គ្រឿង ក្នុងនោះរថយន្ដរបស់ស្នងការដ្ឋាន២១គ្រឿង, រថយន្ដរបស់អាវុធហត្ថចំនួន៣គ្រឿង, រថយន្ដរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន៣គ្រឿង និងរថយន្ដមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿងផងដែរ។
នាយការិយាល័យរូបនេះ មិនទាន់បានបញ្ជាក់ពីទំហំ នៃការខូចខាតនៅឡើយទេ ដោយកំពុងធ្វើការសួរនាំម្ចាស់ទីតាំង និងត្រូតពិនិត្យបន្ដទៀតនៅកន្លែងកើតហេតុ។
ប៉ុន្ដែតាមការពិនិត្យជាក់ស្ដែងរបស់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់នៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ក្បាលរថយន្ដសម្រាប់តម្លើងមួយចំនួន ត្រូវបានឆេះបំផ្លាញ ខណៈដែលរថយន្ដផ្សេងទៀតក៏រងការខូចខាតទៀតផង។
លោក ព្រហ្ម យ៉ត ក៏មិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ ដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះនៅឡើយទេ ប៉ុន្ដែបុគ្គលដែលបម្រើការងារនៅក្នុងយាន្ដដ្ឋានមួយនេះ បានអះអាងថា ផ្ដើមចេញដោយសារតែពួកគេកំពុងតែផ្សា សម្រាប់តម្លើងរថយន្ដ ស្រាប់ដួលដបសាំងនៅក្បែរនោះធ្វើឲ្យឆាបឆេះតែម្ដង។
យ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យនេះ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនរណាម្នាកនោះទេ តែតាមការសនិ្នដ្ឋានជាបឋមទំហំនៃការខូចខាត អាចនឹងខ្ទង់ម៉ឺនដុល្លារ។
សម្រាប់ការជួយអន្តរាគមន៍បាញ់ពន្លត់គ្រោះអគ្គិភ័យខាងលើនេះ គេក៏បានឃើញវត្តមានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ អធិការខណ្ឌ លោក ហួរ ម៉េងវ៉ាង មេអាវុធហត្ថខណ្ឌ ហើយក៏មានក្រុមមន្រ្តីនគរបាលចរាចរណ៍ដឹកនាំដោយលោក សែម គន្ធា នាយការិយាល័យស្តីទី ជួយសម្រួលដើម្បីកុំឲ្យកកស្ទះងាយស្រួលជួយបាញ់ពន្លត់ផងដែរ៕