(ភ្នំពេញ)៖ ពិតជាមានក្ដីរំភើបរីករាយ ខ្លាំងមែនទែនដែលកម្ពុជា បានទទួលពាន់រង្វាន់ ទីតាំងថតភាពយន្ដលេចធ្លោរជាងគេ ប្រចាំឆ្នាំ២០១៧ ពីមហោស្រពភាពយន្ដឥណ្ឌា INDYWOOD FILM CARNIVALកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧។
ការទទួលបានពាន់រង្វាន់នេះ បានសរបញ្ជាក់ពីភាពជោគជ័យមួយយ៉ាងសំខាន់ សម្រាប់កម្ពុជាក្នុងវិស័យភាពយន្ដ។ នេះជាឱកាសដែលកម្ពុជាបានបង្ហាញខ្លួន ដល់ផលិតករភាពយន្ដអាជីពក្នុងប្រទេសឥណ្ឌា និងបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ឲ្យស្គាល់ពីវិស័យភាពយន្ដកម្ពុជា កាន់តែខ្លាំងឡើងមួយកម្រិតបន្ថែមទៀត។
លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្ដនៅកម្ពុជា បានថ្លែងឲ្យដឹងថា បន្ទាប់ពីការទទួលបានពាន់រង្វាន់នេះ ពីមហោស្រពឥណ្ឌាល កម្ពុជានឹងរំពឹងថា ទទួលបានគម្រោងភាពយន្ដ បូលីវូដ (Bollywood) មកកាន់កម្ពុជាកាន់តែច្រើនឡើងៗ នាពេលខាងមុខនេះ។
លោកបានបន្ដទៀតថា យោងតាមការស្ទង់មតិបានលើកឡើងថា នៅក្នុងទ្វីបអឺរ៉ុប ភ្ញៀវទេសចរ៧នាក់ ក្នុងចំណោម១០នាក់ បានធ្វើដំណើរ ទៅកាន់ប្រទេសណាមួយ ដោយពួកគេស្គាល់ និងឃើញក្នុងខ្សែភាពយន្ដ និងចង់មកទស្សនាដោយផ្ទាល់ភ្នែក។ នេះជាហេតុផលមួយបញ្ជាក់ថា បន្ទាប់ពីទទួលពានរង្វាន់នេះហើយកម្ពុជា ជឿជាក់ថានឹងមានការផ្ដល់ប្រយោជន៍ជាច្រើន ក្នុងវិស័យភាពយន្ដនៅកម្ពុជា លើសពីនេះវានឹងផ្ដល់ផលវិជ្ជមាន សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា «ខ្ញុំសង្ឃឹមថា ការទទួលបានពានរង្វាន់នេះ នឹងធ្វើឲ្យផលិតករឥណ្ឌា ចាប់អារម្មណ៍ទីតាំងថតនៅកម្ពុជា ហើយប្រសិនបើផលិតករឥណ្ឌា ចូលមកផលិតរឿងនៅក្នុងទឹកដីកម្ពុជាពិតមែន នេះជារឿងដ៏ល្អមួយដែលអាចអូសទាញទេសចរឥណ្ឌា កាន់តែច្រើនទៀត ក្នុងប្រទេសកម្ពុជា»។
លោកបានបន្ដទៀតថា «ខ្ញុំសូមគាំទ្រយ៉ាងមុតមាំ ចំពោះសកម្មភាពនានា ដែលបានដើរផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ជំនាញ និងទទួលថតភាពយន្ដនៅកម្ពុជា និងអូសទាញមហោស្រពផ្សេងៗមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងនាមក្រសួងវប្បធម៌ខ្ញុំនឹងខិតខំ សហការគ្នាធ្វើយ៉ាងណាឲ្យមានការផ្សព្វផ្សាយមហោស្រពនានា ទូទាំងពិភពលោក»។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ជំនាញ និងទទួលថតភាពយន្ដនៅកម្ពុជា ជាស្ថាប័នដែលមានការទទួលស្គាល់ និងគាំទ្រ ពីក្រសួងវប្បធម៌ ។ មជ្ឈមណ្ឌនេះ មានគោលបំណងចំបងក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជា ជាទីតាំងសម្រាប់ថតភាពយន្ដ ដល់ផលិតករបរទេស រួមជាមួយគ្នានេះ ដែរជួយពង្រឹងវិស័យភាពយន្ដក្នុងស្រុក៕