(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធាន-អនុប្រធានភូមិ ជំនួយការ និងក្រុមប្រឹក្សាឃុំ សរុបជាង៦ម៉ឺននាក់ នឹងត្រូវបានទទួលការពិនិត្យព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ។ (សូមទស្សនាវិដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ខណៈសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានបញ្ជាក់ទៀតថា ស្រ្តីជាមន្ត្រីរាជការនៅថ្នាក់ភូមិ និងឃុំ ពេលសម្រាលកូន ក៏ទទួលបានការឧបត្ថម្ភនានា ដូចមន្ត្រីរាជការដទៃទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះក៏សូមផ្ដាំផ្ញើទៅប្រធាន អនុប្រធានភូមិ ប្រធាន និងអនុប្រធានជំនួយការភូមិ ដែលសរុប៤៣,១៤៩នាក់ ក្រុមប្រឹក្សាឃុំសង្កាត់មាន១១,៥៧២នាក់ នឹងត្រូវបានទទួលនូវរបរនៃការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ដូចកម្មករ កម្មការិនីផងដែរ ហើយសម្រាប់ថ្នាក់ឃុំ និងថ្នាក់ភូមិដែលជាស្ដ្រី នៅក្នុងពេលឆ្លងទន្លេ ក៏នឹងទទួលបានអត្ថប្រយោជន៍ដូចកម្មករផងដែរ»។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ជូនអាជ្ញាធរថ្នាក់ឃុំភូមិនេះ គឺជាអត្ថប្រយោជន៍ថ្មីមួយទៀតហើយ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើន ដែលសម្ដេចតេជោ បានប្រកាសផ្ដល់ជូនមន្ដ្រីរាជការ និងកម្មករ កម្មការិនី។
សូមជម្រាបថា កម្មករ កម្មការិនីទាំងអស់ ទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ ចំពោះស្ត្រីមានផ្ទៃពោះ សម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងារ រយៈពេល០៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយ លើសពីនេះ កម្មការិនី នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូនដោយ អ្នកសម្រាលកូន០១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលកូនភ្លោះ០២ បានទទួល៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ០៣ ទទួលបាន១លាន ២០ម៉ឺនរៀល។
កម្មករ កម្មការិនី ទទួលបានសេវាជិះរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ (Free) រយៈពេល០២ឆ្នាំ (ពីខែសីហា ឆ្នាំ២០១៧-ខែសីហា ឆ្នាំ២០១៩) ហើយនៅឆ្នាំ២០១៩ កម្មករទាំងអស់ នឹងទទួលបានប្រាក់សោធនិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដែលនឹងទទួលបានចំនួន៨០ភាគរយនៃប្រាក់ខែ ដែលខ្លួនធ្លាប់ទទួលបាននៅពេលធ្វើការចុងក្រោយ៕