(ភ្នំពេញ)៖ លោក ជា ចាប សាស្ត្រចារ្យអក្សរសាស្ត្រខ្មែរ និងជាអ្នកជំនាញជាន់ខ្ពស់ផ្នែកកំណាព្យនៅកម្ពុជា បានលើកឡើងថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល ទំនើបនេះ សន្ទុះនៃការអានកំណាព្យ និងការតាក់តែងនិពន្ធកំណាព្យរបស់យុវជនមានការថយចុះ។ ដូច្នេះសូមយុវជនខ្មែរជំនាន់ក្រោយ ចូលរួមអភិរក្សតែងកំណាព្យ និងអានឲ្យបានច្រើនដើម្បីរក្សាកំណាព្យឲ្យបានគង់វង្សយូរអង្វែង។
លោក ជា ចាប ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពជាមួយលោក ជា ច័ន្ទបូរមី រដ្ឋលេខាធិការក្រសួងព័ត៌មាន អគ្គនាយក្រុមហ៊ុន Mercedes-Benz និងភ្ញៀងជាច្រើនរូបទៀត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងកម្មវិធីដាក់សម្ភោធសៀវភៅកំណាព្យខ្មែរក្នុងសម័យ ឌីជីថល នៅទីស្នាក់ការក្រុមហ៊ុន Mercedes-Benz Cambodia រាជធានីភ្នំពេញ។
លោក ជា ចាប បានបន្តថា កំណាព្យខ្មែរមានកំណើតតាំងពីមុនបូរាណកាលពោល គឺមុនសម័យអង្គរ ដោយមាន៤ដំណាក់កាលទី១៖ មុនសម័យអង្គរ, ទី៖ សម័យចេនឡា, ទី៣៖ សម័យអង្គរ, និងទី៤៖ សម័យចតុមុខ។ ដោយសម័យកាលនិមួយៗ មានបទកំណាព្យ និងទំនុកផ្សេងគ្នាដែលបន្សល់ពីស្នាដៃរបស់បុព្វបុរសខ្មែររហូតដល់ពេលបច្ចុប្បន្ននេះ។ ដោយឃើញមាន១៣ស្នាដៃ ដែលបានបន្សល់ទុករហូតដល់ពេលបច្ចុប្បន្ននេះ។
លោក ជា ចាប បានបញ្ជាក់ថា យុវជនខ្មែរជំនាន់ក្រោយភាគច្រើន មិនបានឲ្យតម្លៃទៅលើការអានកំណាព្យនោះឡើយ ហើយការបើកទូរស័ព្ទលេងហ្វេកប៊ុក និងលេងហ្គេម ដែលជាផ្នែកមួយនាំឲ្យភ្លេចការអានកំណាព្យ។ ដូច្នេះសូមយុវជនចូលរួមបំផុសនូវស្នាដៃនានា ឲ្យបានទូលឡទូលាយដើម្បីលើកស្ទួយវិស័យកំណាព្យបានរីកចម្រើន។ មិនតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ដូរក៏បានដែរ។ ចូលរួមថែរក្សាកំណាព្យកុំឲ្យបាត់បង់ មានន័យថា ចូលរួមថែរក្សាវប្បធម៌ជាតិខ្មែរ៕
អ្នកជំនាញកំណាព្យខ្មែរ ជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ នាំគ្នាអភិរក្សវិស័យកំណាព្យបន្ថែមទៀត ស្របពេលសម័យឌីជីថលកំពុងរីកចំរើនខ្លាំង