(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ១រូប ដែលត្រូវបានជ្រើសរើសចេញពីអង្គការសង្គមស៊ីវិល ក្នុងពេល គ.ជ.ប ត្រូវបានរៀបចំជាថ្មី ក្រោយការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣នោះ បានប្រកាសជំហររបស់លោកថា លោកនឹងមិនលាលែងពីតំណែងនោះទេ ហើយសន្យាបំពេញតួនាទី ដែលរដ្ឋសភាផ្តល់សេចក្តីទុកចិត្តមួយនេះ រហូតដល់ចប់អាណត្តិ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កម្មវិធីសន្និសីទបិទបញ្ចប់កម្មវិធីដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា តួនាទីរបស់លោកជា សមាជិគគ.ជ.បនេះ ត្រូវបានផ្តល់ការទុកចិត្តដោយរដ្ឋសភា ជាតំណាងរបស់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យលោក ត្រូវបំពេញការងារនេះរហូតដល់ចប់អាណត្តិ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបំពេញតួនាទីទៅតាមការប្រគល់ឱ្យដោយមានកិច្ចព្រមព្រៀងនៅក្នុងរដ្ឋសភា មានការសម្រេចចិត្តរបស់សភា ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំនៅតែបន្តការងារដើម្បីចូលរួមក្នុងការងារបោះឆ្នោតនេះ»។លោកបានបន្តទៀតថា៖ «ខ្ញុំមិនមានបំណងចាកចេញទេ ខ្ញុំគោរពទៅតាមច្បាប់ រដ្ឋសភា បានបោះឆ្នោតជ្រើសរើសខ្ញុំ ទុកចិត្តខ្ញុំឱ្យមកធ្វើការនៅទីនេះ ដូច្នេះខ្ញុំត្រូវតែធ្វើការឱ្យចប់អាណត្តិ»។
លោក ហង្ស ពុទ្ធា អតីតប្រធានអង្គការនិកហ្វិក គឺជាបុគ្គលឯករាជ្យចេញពីសង្គមស៊ីវិល ដែលត្រូវបានជ្រើសរើសជាសមាជិកគ.ជ.ប ដោយគណបក្សនយោបាយក្នុងរដ្ឋសភា នៅក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ទន្ទឹមនឹងសមាជិកគ.ជ.បចំនួន៨រូបផ្សេងទៀត ប៉ុន្តែក្នុងចំណោម៨រូបនោះ មាន៤រូប ត្រូវបានជ្រើសរើសដោយគណបក្សក្នុងរដ្ឋាភិបាល និង៤រូបទៀត ត្រូវបានជ្រើសរើសដោយគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាប៉ុន្តែមិនកាន់កាប់រដ្ឋាភិបាល។
រហូតដល់ពេលនេះ លោកបានបំពេញការងាររយៈពេលជាង៣ឆ្នាំមកហើយ ខណៈដែលអាណត្តិរបស់សមាជិកគ.ជ.ប មានរយៈពេល៥ឆ្នាំ៕