(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញអុចធូបបួងសួងសុំសេចក្តីសុខរួចមក លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលធ្វើការ និងរស់នៅតំបន់ផ្ទះតាម៉ុក ដែលពិធីនេះបានរៀបចំឡើងនៅក្នុងផ្ទះតាម៉ុក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់បងប្អូនដែលបានចួលរួមនាថ្ងៃនេះ។
លោកស្រីក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ត្រូវចូលរួមថែរក្សាបូរណភាពទឹកដី, កងទ័ពគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ ហើយលោកស្រីក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការតម្លើងប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និងកម្មការរិនីនៅទូទាំងប្រទេស។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្តទៀតថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមថែក្សានូវតម្លៃ នៃសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយ រួមគ្នាអភិវឌ្ឍន៍ប្រទេស និងមិនត្រូវជឿតាមការញុះញង់របស់ក្រុមប្រឆាំង ដែលតែងតែមានបំណងបំភ្លៃការពិត និងរារាំងដល់ការអភិវឌ្ឍរបស់ជាតិ៕