(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះទៅត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិ វៀតណាមចំនួន៣២នាក់ ស្រី១៧នាក់ ប៉ុន្តែក្រោយពិនិត្យឯកសារ ទៅឃើញថា មានជនជាតិវៀតណាម១២នាក់ ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅតាមផ្ទះដងទន្លេ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិវៀតណាមចំនួន៣២នាក់ (ស្រី១៧នាក់) ត្រូវបានឃាត់ត្រួតពិនិត្យលើការស្នាក់នៅ និងប្រមុខរបរ ប៉ុន្តែក្រោយមានការត្រួតពិនិត្យ រកឃើញអ្នកមានឯកសារចំនួន២០នាក់ ស្រី១២នាក់ និងលិខិតឆ្លងដែនទិដ្ឋាការEចំនួន០១(គ្មានប័ណ្ណការងារ)។
ដោយឡែកជនជាតិវៀតណាមចំនួន១២នាក់ទៀត (ស្រី០៥នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕