(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងសាធារណរដ្ឋឆែក នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អបន្ថែមទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា។ នេះបើតាមលទ្ធផល នៃជំនួបរវាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក Ivo Barek អនុប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ។
នៅក្នុងជំនួបនោះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាគាំទ្រនូវរាល់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យខ្លាំងថែមទៀត ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ទៀតថា ព្រឹទ្ធសភាមានបំណងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ និងជាក់ស្តែងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងព្រឹទ្ធសភាឆែក នាពេលអនាគត។ កិច្ចសហប្រតិបត្តិការនេះ អាចធ្វើឡើងតាមសកម្មភាពដូចជា ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញ ទៅមកលើវិស័យច្បាប់ សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម សុខាភិបាល អប់រំ វប្បធម៌ នយោបាយ និងការគ្រប់គ្រងផ្នែករដ្ឋបាល ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិជាអាទិ៍ ក្នុងក្របខ័ណ្ឌ IPU និងក្នុងក្របខ័ណ្ឌអន្តរសភាផ្សេងទៀត។
ដោយឡែក អនុប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Ivo Barek ក៏បានថ្លែងអំណរគុណចំពោះព្រឹទ្ធសភាកម្ពុជា ដែលបានទទួលគណៈប្រតិភូយ៉ាងកក់ក្តៅ ព្រមទាំងគោរពអញ្ជើញថ្នាក់ដឹកនាំព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក ក្នុងពេលវេលាសមស្របណាមួយផងដែរ។
សូមបញ្ជាក់ថា លោក Ivo Barek ពេលនេះកំពុងដឹកនាំគណៈប្រតិភូព្រឹទ្ធសភារបស់ប្រទេសឆែក មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ទស្សនកិច្ចនេះ ធ្វើឡើងក្នុងឮឱកាសខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក៕