(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ លោក គី ឫទ្ធី ចៅក្រស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសួរចម្លើយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ បន្ថែមទៀត ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ នេះបើតាមលិខិតអញ្ជើញមេធាវីដែល Fresh News ទទួលបាននៅថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ។
ការសាកសួរនេះ នឹងធ្វើឡើង នៅបន្ទប់សាកសួរ នៃមណ្ឌលអប់រំកែប្រែទី៣ «ម៣» (ពន្ធនាគារត្រពាំងផ្លុង) ខេត្តត្បូងឃ្មុំ ដែលជាកន្លែងឃុំខ្លួន លោក កឹម សុខា។ នេះបើតាមការបង្ហាញនៅក្នុង លិខិតអញ្ជើញមេធាវីដដែលនោះ។
ថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូង រាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ។
សេចក្តីថ្លែងការណ៍របស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពី បទ «សន្និដ្ឋិភាពជាមួយបរទេស » តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕