(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា សម្តេចចង់ឲ្យប្ដូរ ឬបន្ថែមឈ្មោះនាយកដ្ឋានកិច្ចការប៉ុស្ដិ៍រដ្ឋបាល ទៅជានាយកដ្ឋានកិច្ចការប៉ុស្ដិ៍រដ្ឋបាល និងប្រជាការពារ។
ការប្រកាសឲ្យចង់ដូរ ឬបន្ថែមឈ្មោះនាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល តាមរយៈការបន្ថែមពាក្យ «ប្រជាការពារ» នៅខាងក្រោយ យ៉ាងដូច្នេះ ក៏ព្រោះសម្តេចក្រឡាហោម បានចាត់ទុកថា ក្រុមប្រជាការពារនៅតាមភូមិ ជាកម្លាំងដ៏សំខាន់មួយ ក្នុងការជួយការងារដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល។ នេះជាការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងសន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេស លើកទី២ និងការអនុវត្តការងារនគរបាល និងសហគមន៍។
ពិធីនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អភិបាលខេត្តនានា ព្រមទាំងមន្ដ្រីនគរបាល មន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
បើតាមព័ត៌មានមួយចំនួនពីមូលដ្ឋានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននោះគឺថា រឿងប្រជាការពារតាមមូលដ្ឋានគ្មានប្រាក់ខែទេ។ ជាក់ស្តែងក្រុមប្រជាការពារទាំងនេះ អាចរកចំណូលបានដោយខ្លួនឯង គឺបើមានកម្មវិធីបុណ្យ ឬការផ្សេងៗ ពួកគេទទួលបានកញ្ចប់ថវិកាមួយចំនួន ដែលម្ចាស់កម្មវិធីផ្តល់ជូន ដើម្បីសន្សំទុកសម្រាប់ជួយសមាជិកណា ដែលជួបបញ្ហានៅពេលណាមួយ។
ដោយឡែកសម្ភាររួមមាន៖ ដំបងឆក់ ខោអាវ មួក និងអាយកូមជាដើមនោះ ពួកគាត់ខ្លះបានស្នើសុំពីថ្នាក់ឃុំ គណៈពង្រឹង និងសប្បុរសជននានា។ នៅពេលបច្ចុប្បន្ន ក្រុមប្រជាការពារ ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាក្រុមមួយដ៏សំខាន់ណាស់ មិនអាចមើលរំលងបានទេ ដើម្បីជួយទប់ស្ថានការជាមួយនគរបាលប៉ុស្តិ៍ដែលមានចំនួនតិចតួចបំផុត នៅតាមប៉ុស្តិ៍នីមួយៗ។ ដូច្នេះមានការលើកឡើងថា បើមានកញ្ចប់ថវិកាណាមួយជូនពួកគាត់ ចឹងពួកគាត់រឹតតែប្រឹងប្រែង សម្រាប់ការពារភូមិថែមទៀត និងពង្រឹងសមាជិកភូមិកាន់តែខ្លាំង៕