(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជំនួបសំណេះសំណាលនៅព្រឹកនេះ គឺជាជំនួបសំណេះសំណាលលើកទី២២ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបជាង ២០ម៉ឺននាក់ មកពីរោងចក្រប្រមាណជាង ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថៅកែរោងចក្រ ដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេច និងអនុញ្ញាតឲ្យកម្មករ កម្មការិនី បានសម្រាកមួយថ្ងៃ

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការភ្ញាក់ផ្អើលនៅពេលបានឃើញបងប្អូនពិការ បានបម្រើការងារនៅក្នុងវិស័យរោងចក្រកាត់ដេរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនី ដែលបានផ្តល់ការគោរពស្រឡាញ់ចំពោះសម្តេច ហើយការគោរពស្រឡាញ់នេះ គឺបានបន្តមកតាំងពីជំនាន់ជីដូនជីតា ឪពុកម្តាយ។ សម្តេចបន្តថា ការគោរពស្រឡាញ់ គឺបានផ្តល់ភាពក្តៅខ្លាំងសម្រាប់សម្តេច ក្នុងការបន្តដឹកនាំនាវាកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការងឿងឆ្ងល់ជាខ្លាំងចំពោះក្រុមមនុស្សមួយចំនួន ដែលបាននិយាយថា កម្ពុជាកាន់តែក្រទៅៗ ខណៈដែលជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។ សម្តេចតេជោ ថ្លែងថា គ្មានភាពក្រីក្រឯណា ក្រជាងនៅពេលកម្ពុជារំដោះពីរបបប៉ុលពតនោះឡើយ។

* សម្តេចបានថ្លែងថា នៅសល់តែកន្លះខែទៀតប៉ុណ្ណោះ ប្រាក់ឈ្នួលអប្បបរិមាកម្មករ កម្មការិនីឡើងដល់ ១៧០ដុល្លារ ខណៈដែលអំឡុងឆ្នាំ១៩៩៧ មានត្រឹមតែ ៣៥ដុល្លារប៉ុណ្ណោះ។ សម្តេចតេជោ បានរំលឹកប្រាប់កម្មករថា ទម្រាំមានថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យ ឬទេវតាប្រទាននោះឡើយ តែវាកើតឡើងដោយសារ កិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់កម្មករ កម្មការិនី និងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកាត់ដេរប្រៀបដូចជាមុំចង្រ្កាន ដែលមានតួអង្គ៣ជាចាំបាច់ គឺកម្មករ កម្មការិនី ថៅកែរោងចក្រ និងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋគឺជាតួអង្គដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ និងសម្របសម្រួលដល់ថៅកែរោងចក្រសហគ្រាសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានធ្វើការងារយ៉ាងច្រើន ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលក្នុងនោះ៖ ទី១. ផ្តួលរំលំរបបប៉ុលពត សង្គ្រោះជីវិតប្រជាពលរដ្ឋ, ទី២. ទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ និងទី៣. ការស្វែងរកសន្តិភាព ដើម្បីចរចាបង្រួបបង្រួមជាតិ រហូតឈានដល់ការឯកភាពជាតិទាំងស្រុង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា នៅឆ្នាំ២០១៧នេះ អាចទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះ ៥លាន ៥សែន ឬ ៥លាន ៦សែននាក់។ សម្តេច ថ្លែងថា វាមិនមែនជារឿងធម្មតានោះទេ ក្នុងការនំាកម្ពុជាពីប្រទេសគ្មានអ្នកទេសចរ រហូតដល់មានអ្នកទេសចររហូតដល់ជាង ៥លាននាក់នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេ គឺមិនអាចទទួលបានជោគជ័យលើវិស័យទេសចរណ៍នោះឡើយ។

* ឆ្លើយតបនឹងការលើកឡើងថា ហេតុអ្វីកម្ពុជាអនុញ្ញាតឲ្យមានចរាចរណ៍រូបិយបណ្ណច្រើននោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ថានភាពរបស់កម្ពុជា គឺត្រូវការចរាចរណ៍រូបិយបណ្ណច្រើនបែបនេះ ប្រសើរជាងការប្រើរូបបិយបណ្ណតែមួយ ហើយមានតែកម្ពុជាមួយគត់ ដែលចរាចរណ៍រូបបិយបណ្ណច្រើនបែបនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធិផលដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺកើតចេញពីការប្រឹងប្រែងខ្លាំងណាស់របស់គណបក្សប្រជាជនកម្ពុជា ដែលផ្ទុយពីគណបក្សប្រឆាំង តែងតែអំពាវនាវឲ្យបរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញរបស់កម្ពុជាជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាបងធំតាមរោងចក្រហាក់បានបាត់បង់ហើយ តែមិនត្រូវអនុញ្ញាតឲ្យកើតមានជាថ្មីនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បងធំតាមរោងចក្រមានបង្អែកជាបក្សប្រឆាំង ឬសហជីព ដែលមាននិន្នាការប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន ស្នើដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវផ្តល់ការអនុគ្រោះ ហើយត្រូវដោះស្រាយដោយសន្តិវិធី ប្រសើរជាការបណ្តេញចេញ ដែលនាំឲ្យផ្ទុះការតវ៉ា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគាំទ្រចំពោះកម្មការិនី ក៏ដូចជាស្រ្តីទាំងអស់ក្នុងការរើសស្វាមី។ ព្រោះការយកស្វាមី ដែលមិនប្រឹងប្រែងធ្វើការងារ ឬមិនមានសមត្ថភាព គឺនឹងនាំផលលំបាកដល់គ្រួសារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរើសស្វាមីក៏ជាចំណែកជំរុញដល់យុវជនប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើកុំឲ្យមានការរើសអើងចំពោះបុរសជាជនពិការ ឬ នារីជាជនពិការធ្វើជាស្វាមី និងភរិយា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាបុរសពិការដែលមានសំណាងជាងគេ បើទោះបីសម្តេចពិការ តែទទួលបានការស្រឡាញ់យ៉ាងជ្រាលជ្រៅពីភរិយារបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននៅតែមានមនុស្សហៅសម្តេចថា «អាខ្វាក់»។ សម្តេចតេជោ បានចាត់ទុកការហៅនេះថា ជាការប្រើប្រាស់ភាសារបស់មនុស្ស «តិរច្ឆាន»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធាន-អនុប្រធានភូមិ ជំនួយការ និងក្រុមប្រឹក្សាឃុំ សរុបជាង ៦ម៉ឺននាក់ នឹងត្រូវបានទទួលការពិនិត្យព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីផងដែរ។ ក្នុងនោះស្រ្តីជាមន្ត្រីរាជការនៅ​ថ្នាក់ភូមិ និងឃុំ ពេលសម្រាលកូន ក៏ទទួលបានការឧបត្ថម្ភនានា ដូចមន្ត្រីរាជការដទៃទៀតផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកដល់កម្មករ កម្មការិនី បានថ្លែងថា សមិទ្ធផលដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជានេះ ដោយសារតែប្រទេសមាន សុខសន្តិភាព បើមានសង្គ្រាមមិនអាចធ្វើអ្វីបានទាំងអស់។ សម្តេចអំពាវនាវឲ្យរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាពនេះ ដើម្បីបន្តរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិបន្តទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍប្រទេសមិនមែនចេះតែងាយស្រួលដូចការនិយាយរបស់ក្រុមជនមួយចំនួននោះឡើយ។ ក្នុងនោះប្រទេសចិន បានប្រើពេល ១០០ឆ្នាំ ដើម្បីនាំប្រទេសដល់គោលដៅ «សុបិន្តរបស់ចិន»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកកម្មករ កម្មការិនីថា រក្សាសុខសន្តិភាព ទប់ស្កាត់កុំឲ្យមានសង្គ្រាម ទើបអាចរក្សាការងារដែលមានក្នុងដៃឲ្យគង់វង់បាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលត្រូវខិតខំបន្តក្នុងការទាក់ទាញអ្នកវិនិយោគ និងពង្រីកទីផ្សារថ្មីៗបន្ថែមទៀត ហើយត្រូវប្រឹងកសាងហេដ្ឋរចនា សម្ព័ន្ធសំខាន់ៗដទៃទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់បញ្ហាដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋសុទ្ធតែជារឿងធំ មិនមែនជារឿងតូចតាចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងរូបសម្តេចដោយផ្ទាល់ ដើម្បីបន្តនាវាកម្ពុជាឆ្ពោះទៅមុខទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីអត់មានវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិ ក៏ដំណើរការបោះឆ្នោតនាឆ្នាំ២០១៨ នៅតែបន្តទៅមុខជាធម្មតា។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការរំលាយគណបក្សសង្គ្រោះជាតិ មិនប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនោះឡើយ

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធផលឆ្នោតនៅកម្ពុជា មិនត្រូវការចុះហត្ថលេខាទទួលស្គាល់ពីប្រធានាធិបតីរបស់ប្រទេសដទៃនោះឡើយ ពេលប្រជាពលរដ្ឋបោះឆ្នោតរួច គឺចប់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានត្រៀមលក្ខណៈ និងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំណើរការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប្តេជ្ញាដំណើរការលទ្ធិប្រជាធិបតេយ្យ តែប្រជាធិបតេយ្យត្រូវដំណើរការស្របជាមួយនីតិរដ្ឋ ហើយបើដំណើរការ ប្រជាធិបតេយ្យ ដោយគ្មាននីតិរដ្ឋ វានឹងក្លាយជាអនាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅម៉ោង១០៖២២នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕