(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ជូនក្រុមការងារបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការសហការជាមួយអាជ្ញាធរខេត្តតាកែវ ឱ្យចុះទៅពិនិត្យ ស្រាវជ្រាវ និងធ្វើការវិភាគយ៉ាងម្មត់ចត់ ផលិតផលស្ករត្នោតក្លែងក្លាយ និងទីតាំងសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកបាទី ខេត្តតាកែវ រួចរាល់មក នាពេលកន្លងទៅថ្មីៗនេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង ២៥ ឱ្យលុបបំបាត់ជាបន្ទាន់ នូវរាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ នៅទូទាំងប្រទេស។
តាមខ្លឹមសារលិខិតរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលចុះហត្ថលេខានាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ផ្ញើជូនប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង ២៥ ទូទាំងប្រទេស បានបញ្ជាក់ថា កន្លងមកមានការផលិតស្ករត្នោតក្លែងក្លាយ ដែលបានផលិតចេញពីវត្ថុធាតុដើមស្ករស ឬស្ករប្រភេទផ្សេងទៀត ហើយបានកែច្នៃទៅជាផលិតផលស្ករដែលមានរសជាតិ ក្លិន ពណ៌ និងទ្រង់ទ្រាយដូចគ្នាទៅនឹងស្ករត្នោត និងបានយកទៅចរាចរលើទីផ្សារបន្លំធ្វើជាស្ករត្នោតខ្មែរ។ សកម្មភាពនេះ គឺជាវិច្ឆេទកម្មសេដ្ឋកិច្ចដើម្បីបំផ្លាញកិត្តិនាមស្ករត្នោតខ្មែរ ដែលជាអត្តសញ្ញាណផលិតផលជាតិកំពុងត្រូវបានទទួលស្គាល់ជាសាធារណៈ ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះ ក្រសួងសូមធ្វើការណែនាំដល់គ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការលុបបំបាត់រាល់សិប្បកម្មផលិតស្ករត្នោត ក្លែងក្លាយ ចាប់ពីពេលនេះតទៅ។
គួររំឭកផងដែរថា នាពេលកន្លងទៅថ្មីៗនេះ មានបាតុភាពមួយបានកើតឡើងនៅស្រុកបាទី ខេត្តតាកែវ គឺការផលិតនូវផលិតផលស្ករត្នោត ដែលប្រើប្រាស់ធាតុផ្សំពីស្ករស ១០០% ដោយយកទៅកម្លោច លាយទឹក រួចយកទៅកូរវិក ធ្វើឱ្យមានរូបភាពដូចស្ករត្នោតពិត។ បន្ទាប់ពីទទួលបានព័ត៌នេះភ្លាម លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាអាជ្ញាធរខេត្តតាកែវ បានចេញបញ្ជា ផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពផលិតស្ករត្នោតក្លែងក្លាយទាំងនោះ និងបានបញ្ជូនក្រុមមន្រ្តីជំនាញបច្ចេកទេស នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយអាជ្ញាធរខេត្តតាកែវ ចុះទៅពិនិត្យ ស្រាវជ្រាវ និងវិភាគ ពីបញ្ហានេះ ហើយនៅពេលការពិនិត្យ និងវិភាគ បានប្រព្រឹត្តទៅចប់សព្វគ្រប់។ លោកទេសរដ្ឋមន្រ្តី ក៏ចេញបញ្ជា ឱ្យលុបបំបាត់ជាបន្ទាន់នូវរាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយនៅទូទាំងប្រទេស៕