(ភ្នំពេញ)៖ ស្ថានភាពបទល្មើសនានានៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៧នេះ បានកើតឡើងចំនួន២,៨១៧លើក ដែលកើនឡើងប្រមាណ១ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៦ ខណៈដែល ការបង្រ្កាបក្នុងឆ្នាំ២០១៧នេះ មានចំនួន២,៤២៤លើក ស្មើនឹង៨៦.០៤% នៃរឿងហេតុ។ នេះបើតាមរបាយការណ៍ស្តីពីការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នាំ២០១៧ និងទិសដៅ២០១៨។
របាយការណ៍នេះត្រូវបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងសន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេស លើកទី២ និងការអនុវត្តការងារនគរបាល និងសហគមន៍ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
របាយការណ៍បានបង្ហាញយ៉ាងដូច្នេះថា «ស្ថានភាពបទល្មើសនាឆ្នាំ២០១៧ កើតឡើងចំនួន ២,៨១៧លើក កើនឡើងចំនួន៣២លើក ស្មើ១% ក្នុងនោះកំណើនភាគច្រើនបណ្តាលមកពីបទល្មើសមជ្ឈឹម ២,១៤១លើក ស្មើនឹង៣% រីឯបទឧក្រិដ្ឋដែលមានឥទ្ធិពលបង្កភាពភ័យខ្លាចដល់សង្គមនោះ បានថយចុះ៤០លើក ស្មើនឹង ៦%»។
ពាក់ព័ន្ធនឹងការបង្រ្កាបចំពោះបទល្មើសមូលដ្ឋានទាំងនេះវិញ របាយការណ៍បង្ហាញថា កងកម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបបានចំនួន ២,៤២៤លើក ស្មើនឹង៨៦.០៤% នៃរឿងហេតុ ហើយចាប់ខ្លួនជនសង្ស័យ ៣,៤០៤នាក់ បង្រ្កាបជាក់ស្តែងបាន ២,០៧៥ករណី បង្រ្កាបតាមមុខសញ្ញា ២,៨៥២នាក់ បង្រ្កាបដោយស៊ើបអង្កេត៤៤៩ករណី (មុខសញ្ញា៥៥២នាក់) និងបានប្រមូលភស្តុតាងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោស ចាត់ការតាមច្បាប់ជាធរមាន៕