(មណ្ឌលគិរី)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ពីខេត្តមណ្ឌលគិរី ទីដែលក្រុមបច្ចេកទេសរបស់ អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) កំពុងចុះពិនិត្យគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិកនោះ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅថ្ងៃនេះ ក្រុមបច្ចេកទេសរបស់ អង្គការ OPCW បានចាប់ផ្តើមប្រតិបត្តិការជីកយក សារធាតុគីមីពីគ្រាប់បែកគីមីដែលរកឃើញ នៅខេត្តមណ្ឌលគីរី ដើម្បីយកមកពិនិត្យ និងវាយតម្លៃ បញ្ជាក់ឲ្យបានច្បាស់ថា ជាសារធាតុគីមីប្រភេទអ្វី។

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ កេ ដា ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានទៅដល់ខេត្តមណ្ឌលគិរី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ នឹងបានចុះពិនិត្យទីតាំងគ្រាប់បែកគីមីដែលបានរកឃើញចំនួន១០ធុង នៅ៨ទីតាំងផ្សេងៗគ្នា ក្នុងភូមិចំនួន២ គឺភូមិពូហ្យាម និងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាគ្រាប់បែកមិនទាន់ផ្ទុះបន្សល់ទុកក្នុងសម័យសង្រ្គាម ដែលអាមេរិចបានទំលាក់ ក្នុងទឹកដីខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ឯក កេ ដា បានថ្លែងឲ្យដឹងថា គ្រាប់បែកគីមីរបស់អាមេរិចទម្លាក់លើទឹកដីកម្ពុជា ដែលបានរកឃើញបន្ថែមទៀតចំនួន១០ធុង នៅគោលដៅ៨ចំណុចទាំងនេះ គឺបានរកឃើញតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដោយធ្លាប់មាន អ្នកជំនាញជនជាតិអាមេរិកមកពិនិត្យម្ដងរួចហើយ ប៉ុន្តែក្រុមអ្នកជំនាញអង្គការ OPCW គឺគេចង់មកពិនិត្យម្ដងទៀត ឲ្យកាន់តែជាក់ច្បាស់ ហើយទោះជាយ៉ាងណា លោកមិនទាន់សន្និដ្ឋានថា សំណល់គ្រាប់បែកគីមីទាំងនេះ ជាប្រភេទគីមី អ្វីនោះទេ លុះការពិនិត្យ និងពិសោធន៍របស់អ្នកជំនាញ OPCW ចប់សព្វគ្រប់ ទើបអាចជជែក និងផ្ទៀងផ្ទាត់ព័ត៌មានរួមគ្នាថា គ្រាប់បែកគីមីទាំងនេះ ជាគ្រាប់បែកគីមីអ្វីឲ្យប្រាកដនោះ។

អគ្គលេខាធិការរងរូបនេះបន្ថែមថា មុនការការរកឃើញគ្រាប់បែក គីមីទាំងនេះ គឺក្រុមមន្ត្រីជំនាញបានចុះមកផ្សព្វផ្សាយ ដល់ពលរដ្ឋនៅមូលដ្ឋាននេះជាមុន ដើម្បីឲ្យពួកគាត់មានការប្រុងប្រយត្ន និងស្គាល់ពីប្រភេទគ្រាប់គីមីទាំងនេះ ហើយបន្ទាប់មកក៏មានការរាយការណ៍ ពីប្រជាពលរដ្ឋដែលអាស្រ័យផលពីព្រៃឈើ បានប្រទះឃើញប្រភេទគ្រាប់បែកគីមីទាំងនេះ និងបានរាយការណ៍ដល់សមត្ថកិច្ច ទើបឈានដល់ការរក ឃើញគ្រាប់បែកគីមីទាំងនេះ ដែលបន្សល់ទុកចំនួន១០ធុងថ្មីទៀត។

លោកឧត្តមសេនីយ៍ កេ ដា បន្ថែមទៀតថា កាលពីឆ្នាំ២០១១ ក្រុមមន្ត្រីជំនាញក៏បានរកឃើញ ប្រភេទគ្រាប់បែកគីមីដូចនេះចំនួន១២ធុងរួមមកហើយ នៅក្នុងស្រុកអូររាំងនេះ ដោយក្រោយមកនៅឆ្នាំ២០១២ ក្រុមអ្នកជំនាញអង្គការ OPCW ក៏បានវាយតម្លៃរួចហើយដែរ ហើយសម្រាប់ទឹកដីខេត្តមណ្ឌលគិរី ក្រុមមន្ត្រីជំនាញកម្ពុជា ក៏នឹងស្វែងរកប្រភេទគ្រាប់បែកគីមីទាំងនេះ បន្តទៀតឲ្យអស់។ គ្រាប់បែកគីមីទាំងនេះ គឺត្រូវបានទម្លាក់នៅខេត្តមណ្ឌលគិរី ក្នុងចន្លោះអំឡុងទសវត្សរ៍៦០ និង៧០។

លោក ប៊ូ ប៊ុនឈាត អធិការនគរបាលស្រុកអូររាំង បានឱ្យដឹងថា ប្រភេទគ្រាប់បែកគីមីទាំងនេះ បើតាមការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋនៅទីនោះ កាលពីពេលកន្លងមកមានអ្នកស្លាប់បាត់បង់ជីវិមួយចំនួនដោយអត់ដឹងមូលហេតុ កើតមានជំងឺជាច្រើនមុខ
ដល់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋឲ្យដឹងថា នៅពេលដែលសីតុណ្ហភាព ឡើងកំដៅខ្លាំង គឺមានសាយភាយក្លិនមិនល្អ មកលើពួកគាត់យ៉ាងខ្លាំងផងដែរ នៅពេលដែលមានការពុកផុយសំបកគ្រាប់បែកនោះ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីរាជការទូទាំងខេត្តព្រមទាំង បងប្អូនប្រជាពលរដ្ឋនៅមណ្ឌលគិរី បានធ្វើការសំណូមពរដល់ អាជ្ញាធរអាវុធគីមី ជួយពន្លឿន និងស្នើរឱ្យប្រទេសអាមេរិក ឲ្យចាត់ជំនាញរបស់ប្រទេសផងខ្លួន ឱ្យចុះមកពិនិត្យគ្រាប់បែកប្រភេទនេះ និងទទួលខុសត្រូវ និងចាត់វិធានការធ្វើការដោះស្រាយលើបញ្ហានេះ ជាប្រយោជន៍ដើម្បីបញ្ជៀសផលប៉ះពាល់សន្តិសុខ ក៍ដូចជាសុខមាលភាពជូនប្រជាជនខ្មែរនៅទីនេះ៕