(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអះអាងប្រាប់មេសហជីពនៅកម្ពុជាថា មកដល់ពេលនេះ សហភាពអឺរ៉ុបមិនទាន់មានវិធានការ ទៅតាមការអំពាវណាមួយរបស់អតីតមេដឹកនាំបក្សប្រឆាំង ក៏ដូចជាសង្គមស៊ីវិលមួយចំនួននោះទេចំពោះវិស័យកាត់ដេររបស់កម្ពុជា។

លើសពីនេះ សហភាពអឺរ៉ុបនៅតែអះអាងថា ខ្លួននឹងនៅតែខិតខំដោះស្រាយបញ្ហា ចៀសវាងប៉ះពាល់ដល់វិស័យកាត់ដេរ ដែលជាតម្រូវការចាំបាច់កំពុងតែ បានជួយទៅដល់ប្រជាជនកម្ពុជា។

ការអះអាងរបស់ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា យ៉ាងដូច្នេះប្រាប់លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

លោក សោម អូន បានឲ្យដឹងថា ជំនួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅពេលនេះ គឺក្នុងគោលបំណងពិភាក្សាការងារ និងលើកឡើងនូវការវិវឌ្ឍន៏នៃសេដ្ឋកិច្ចជាតិ ដែលក្នុងនោះវិស័យវាយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាបញ្ហាអទិភាពក្នុងកិច្ចពិភាក្សា។

លោក សោម អូន បានបន្ថែមថា គណប្រតិភូសហជីពក៏បានលើកនូវបញ្ហាជាអទិភាព៤ចំនុច គឺ

ទី១៖​ ស្ថានភាពទូទៅនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលបច្ចុប្បន្នកំពុងតែមានការរីកចម្រើន បានផ្តល់ការងារជូនប្រជាពលរដ្ឋ ជាកម្មករប្រមាណ៨០ម៉ឺននាក់ និងបានជួយដល់ប្រជាពលរដ្ឋទាំងផ្ទាល់ និងប្រយោលជិត២លាននាក់ ទំហំទឹកប្រាក់នាំចេញនៅឆ្នាំ២០១៦ ជាង៧ពាន់លានដុល្លារ និងរយៈពេល៩ខែនៃឆ្នាំ២០១៧ ទឹកប្រាក់នាំចេញជាង ៥ពាន់ ៦០០លានដុល្លារ។

ទី២៖ អំពីការវិវឌ្ឍនៃលក្ខ័ណ្ឌការងាររបស់កម្មករ ដោយមានកិច្ចសហការជាមួយដៃគូនានា ជាពិសេសអង្គការពលកម្មអន្តរជាតិខាងការងារ និងអង្គការវិជ្ជាជីវៈសហជីពកម្មករ បានចូលរួមចំណែកធ្វើអោយលក្ខណ្ឌការងារ ត្រូវបានកែលម្អជាបន្តបន្ទាប់។

ទី៣៖ លើកឡើងពីក្តីបារម្មណ៏ ពាក់ព័ន្ឋទៅនឹងការអំពាវនាវរបស់ អតីតគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានទាមទារឲ្យសហភាពអឺរ៉ុបបញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា ដែលបញ្ហានេះ សហជីពកម្ពុជាស្នើឲ្យដោះស្រាយតាមផ្លូវច្បាប់ និង ផ្លូវនយោបាយ កុំយកកម្មករធ្វើជាបញ្ហាដាក់លក្ខខណ្ឌ ដែលនឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។

ទី៤៖ ភាគីសហជីពកម្ពុជា ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានផ្តល់ការបញ្ជាទិញទំនិញពីកម្ពុជា និងស្នើសុំពង្រីកការបញ្ជាទិញឲ្យរឹតតែធំបន្ថែមទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋឲ្យបានច្រើនជាអតិបរមា។

លោក សោម អូន បានបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត ក៏បានយល់ឃើញដូចការលើកឡើងរបស់សហជីពកម្ពុជា កម្ពុជាពិតជាមានការរីកចម្រើន ហើយវិស័យកាត់ដេរ គឺជាវិស័យមួយបានជួយដល់ប្រជពលរដ្ឋកម្ពុជាយ៉ាងច្រើន ហើយលោកអគ្គរដ្ឋទូតបានអះអាងថា នឹងពាំនាំនូវសារជាក្តីកង្វល់ និងសំណូមពររបស់សហជីពកម្ពុជា ជូនទៅសហការីរបស់លោកនៅឯទីក្រុងប្រ៊ុយសែល៕