(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្ដបន្ទាប់ ក្នុងនោះមានស្ដ្រីខ្មែរម្នាក់ និងជនជាតិនីហ្សេរីយ៉ា២នាក់ ដែលពាក់ព័ន្ធករណីឆបោកប្រាក់តាមទូរស័ព្ទ ពីស្ដ្រីម្នាក់ដែលមានទីលំនៅក្នុងខណ្ឌសែនសុខ។
ប្រតិបត្តិការឃាត់ខ្លូនក្រុមឆបោកនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានការសហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការខណ្ឌដង្កោ។
បើតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ឈ្មោះ ម៉ុច ចាន់ណារី អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានឲ្យដឹងថា ខ្លួនបានស្គាល់ជនជាតិបរទេសម្នាក់ នៅប្រទេសអង់គ្លេស តែមិនដែលជួបមុខគ្នានោះទេ ហើយក្រោយមកបុរសនោះបានប្រាប់នាងថា គេផ្ញើកាដូឲ្យពីបរទេស រួចនៅថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ កាដូនោះបានមកដល់ស្រុកខ្មែរ ដោយតម្រូវឲ្យនាងផ្ញើលុយ១,០០០ដុល្លារ ដើម្បីបើកយកកាដូ។
ស្ដ្រីបញ្ជាក់ទៀតថា បន្ទាប់ពីនាងបានផ្ញើលុយ១,០០០ដុល្លាររួចមក គេបានទូរស័ព្ទមកថាឲ្យនាងផ្ញើលុយ២,០០០ដុល្លារបន្ថែម ពេលនោះទើបនាងសង្ស័យថាត្រូវចាញ់បោកគេ ទើបទៅដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតែម្ដង។
មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្ដឹងភ្លាមៗ កម្លាំងនគរបាលជំនាញបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូននាយកដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕