(អាហ្សង់ទីន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានស្នើប្រទេសជប៉ុន ជួយផ្តល់ជំនួយបច្ចេកទេស ដើម្បីកសាងរចនាសម្ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡេចត្រូនិច។

សំណើបានធ្វើឡើងក្នុងពេលដែលលោក ប៉ាន សូរស័ក្តិ បានជួបប្រជុំទ្វេភាគីជាមួយលោក Hiroshige Seko រដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ កិច្ចប្រជុំនេះធ្វើឡើងនៅប្រទេអាហ្សង់ទីន នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

ជប៉ុនបាន​ផ្តល់ទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដល់ប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់រយៈពេល៣ឆ្នាំ។

តាមរយៈជំនួយនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ សង្ឃឹមថា ជប៉ុននឹងជួយផ្តល់ជំនួយបច្ចេកទេស ដើម្បីកសាងរចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក រួមទាំងការកែលម្អ និងធ្វើឲ្យប្រសើរទ្បើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាពិសេសគម្រោងបញ្ជរជាតិតែមួយ និងការកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធ។

លោក Hiroshige Seko បញ្ជាក់ថា លោកនឹងពិចារណាលើសំណើរបស់ប្រទេសកម្ពុជា ហើយនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មផងដែរ៕