(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាលដែលបានជជែក និងលើកបញ្ហាដោយត្រង់ទៅត្រង់មកលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានប្រាប់លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្ដីការបរទេសអាមេរិកថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺ ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដែលមិនអាចប្រទេសដទៃមកជ្រៀតជ្រែកបាននោះឡើយ។
ការថ្លែងបញ្ជាក់របស់លោក អ៊ុច បូរិទ្ធ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Patrick Murphy នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
លោក អ៊ុច បូរិទ្ធ បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានប្តេជ្ញាខិតខំធ្វើឲ្យកិច្ចសហប្រតិបត្តិការល្អប្រសើរ ហើយក៏បានការផ្លាស់ប្តូរមតិដោយត្រង់ទៅត្រង់មក ជាពិសេសការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ លោក អ៊ុច បូរិទ្ធ បានគូសបញ្ជាក់ទៅសមភាគីថា កម្ពុជា ចាត់ទុកសិទ្ធិមនុស្សជាបញ្ហាផ្ទៃក្នុងប្រទេសនីមួយៗ ហើយក្នុងនោះរៀងរាល់ពីឆ្នាំម្តងកម្ពុជា តែងបានបញ្ជូនរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សទៅកាន់ទីក្រុងហ្សឺណែវ ព្រមទាំងទទួលយកអនុសាសន៍ពីប្រទេសនានា នៅក្នុងកិច្ចប្រជុំនៅហ្សឺណែវ។
លោក អ៊ុច បូរិទ្ធ បន្តបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជារឿងរបស់ប្រទេសនីមួយៗ ដែលគ្មានប្រទេសណាមួយល្អឥតខ្ចោះនោះឡើយ សូម្បីតែសហរដ្ឋអាមេរិក។ លោកបានប្រាប់ទៅ លោក Patrick Murphy ប្រទេសទាំងអស់ គួរតែជួយកែលំអរគ្នា ដោយឈរលើគោលការណ៍ស្មើសិទ្ធ ស្មើភាព និងការគោរពគ្នាទៅវិញទៅមកដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
ក្រៅពីនិយាយពីបញ្ហាសិទ្ធិមនុស្ស លោក អ៊ុច បូរិទ្ធ ក៏បានបង្ហាញពីការប្តេជ្ញាពីការគោរពប្រតិបត្តិលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ ពោលបើទោះបីគណបក្សនយោបាយមួយត្រូវបានរំលាយ តែគណបក្សនយោបាយជាច្រើន នៅតែបន្តដំណើរការធ្វើនយោបាយ និង ចូលរួមបោះឆ្នោត ដោយមិនប៉ះពាល់ដំណើរការលទ្ធិប្រជាធិបតេយ្យនោះឡើយ។
ក្រៅពីពិភាក្សាបញ្ហានៃទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបនេះ ក៏មានការពិភាក្សាទៅលើបញ្ហាក្នុងតំបន់ផងដែរ ដូចជាបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុច បូរិទ្ធ៕