(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានស្នើកម្ពុជា បន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបានស្លាប់បាត់បង់ជីវិតក្នុងសម័យសង្គ្រាម បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការនេះ។
សំណើរបស់អាមេរិក ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាង១ម៉ោងរវាង លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្ដីការបរទេសអាមេរិក និងលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេសកម្ពុជានរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក អ៊ុច បូរិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា ក្នុងចំណោមប្រធានបទជាច្រើនដែលបានលើកមកពិភាក្សាដោយត្រង់ទៅត្រង់មកនោះ លោក Patrick Murphy បានស្នើឲ្យកម្ពុជាបន្តលើកិច្ចសហប្រតិបត្តិការក្នុងការរុកអដ្ឋិធាតុរបស់ខ្លួន។
លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថា ទៅលោក លោក Patrick Murphy ការរុករកអដ្ឋិធាតុទាហានអាមេរិកនេះ គឺសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាំងពីអំឡុងទសវត្សរ៍ ឆ្នាំ៨០មកម្ល៉េះ ដោយឈរលើស្មារតីនៃមនុស្សធម៌។ តែការសម្រេចថ្មីៗនេះដោយសារតែអាមេរិកបានសម្រេចដាក់បិទទិដ្ឋាការសម្រាប់មន្ត្រីក្រសួងការបរទេសកម្ពុជា។
លោក អ៊ុច បូរិទ្ធ បានគូសបញ្ជាក់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកថា ប្រសិនបើការបិទទិដ្ឋាការលើមន្ត្រីក្រសួងការបរទេសកម្ពុជា ត្រូវលុបចោល នោះកិច្ចសហប្រតិបត្តិការលើការរុកអដ្ឋិធាតុក៏នឹងបន្តឡើងវិញផងដែរ។
សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក លើការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅទឹកដីកម្ពុជា។ ការប្រកាសផ្អាករបស់សម្តេច បន្ទាប់ពីអាមេរិកប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសចាប់តាំងពី ថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូល។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ពេលអាមេរិកប្រកាសលុបចោលការផ្អាកផ្តល់ទិដ្ឋាការនេះភ្លាម សម្តេច ក៏នឹងបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុអាមេរិកផងដែរ។
បើតាមសម្តេចតេជោ ហ៊ុន សែន អដ្ឋិធាតុរបស់ទាហានអាមេរិកនៅលើដីកម្ពុជាមានប្រមាណ ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ ហើយ៕