(ភ្នំពេញ)៖ ជីវិតក្មេងស្រីកំសត់ ឈ្មោះ​ ឌៀប ស្រីនិច​ ជាក្មេងកំព្រារឪពុក រស់នៅក្នុងផ្ទះជួលស័ង្កសី លើទឹកដីខេត្ដសៀម ជាមួយម្ដាយឈឺធ្ងន់ គ្មានថវិកាព្យាបាល ពេលនេះត្រូវបានសប្បុរសជន ឧបត្ថម្ភ ជាស្បៀង សម្លៀកបំពាក់ និងថវិកា ជាង១,០០០ដុល្លារ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់គាត់មួយចំនួនធំ។

លោកឧកញ៉ា លឹម ប៊ុន សេង អគ្គនាយកក្រុមហ៊ុន ឡាយ សេង ខូអិលធីឌី បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែធ្នូនេះ ថា « ខ្ញុំ និងមិត្ដភក្ដិ បានលឺដំណឹងថា ក្មេងស្រីកំសត់ កំព្រារឪពុករូបនេះ កំពុងតែជួបទុក្ខលំបាកខ្លាំង ដោយគ្មានប្រាក់ព្យាបាលម្ដាយ ដែលឈឺធ្ងន់ ហើយរស់នៅក្នុងផ្ទះជួលគេទៀត ពិសេសគាត់ ខ្វះខាតគ្រប់បែបយ៉ាង ក្នុងការរៀនសូត្រ តែគាត់បែបជាសិស្សពូកែប្រចាំថ្នាក់ ខ្ញុំគ្រាន់តែលឺដំណឹងគាត់ភ្លាម ក៏បានធ្វើការទំនាក់ទំនង ដើម្បីឧបត្ថម្ភដល់គាត់តែម្ដង ដោយក្នុងនោះ យើងមានជាថវិកា ១,០៣០ដុល្លារ អង្ករ​ និងសម្លៀកបំពាក់ផងដែរ»

លោកបន្ដថា លោកសង្ឃឹមថា ការជួយរបស់លោកនេះ និងជួយសម្រាលទុក្ខលំបាករបស់គាត់បានមួយចំណែក ក្នុងការដោះស្រាយ នូវភាពខ្វះខាតប្រចាំថ្ងៃ និងព្យាបាលម្ដាយ ពិសេសគាត់នឹងមានថវិកា សម្រាប់ផ្គត់ផ្គង់ការសិក្សាការផងដែរ។

នេះមិនមែនជាលើកទី១ ដែលលោកឧកញ៉ា មានចិត្ដសប្បុរស ជួយដល់ជនងាយរងគ្រោះ និងជួបទុក្ខលំបាកវេទនា ហើយលោកក៏នៅតែបន្ដជួយបងប្អូនប្រជាពលរដ្ឋកម្ពុជា បន្ថែមទៀត តាមអ្វីដែលលោកអាចជួបបាន៕

http://image.freshnewsasia.com//fn-2017-12-12-18-32-38-8.jp