(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបើក និងបិទសន្និបាទប្រចាំឆ្នាំលើកទី១ សមាគមកែលម្អជីវភាពកសិករ ក្នុងក្របខណ្ឌគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ក្រោមអធិបតីភាពលោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត លោក ណុប ណូវ តំណាងនាយកគម្រោង នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងលោកស្រី រិត សុផាត ប្រធានសមាគមកែលម្អជីវភាពកសិករ។
លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានគម្រោងសម្របសម្រួល TSSD បានលើកឡើងថា សន្និបាតប្រចាំឆ្នាំ២០១៧ របស់សមាគមកែលម្អជីវភាពកសិករ មានសមាជិកចូលរួមតំណាងក្រុមកែលម្អជីវភាពតាមឃុំសង្កាត់ចំនួន១៩៦ ឃុំសង្កាត់ ក្នុងខេត្តគោលដៅគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ក្នុងនោះមានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានគំនិតផ្តួចផ្តើម និងចូលរួមគ្នាបង្កើតជាសមាគមនេះដោយស្ម័គ្រចិត្ត។
លោកស្រី រិត សុផាត បានឲ្យដឹងថា លទ្ធផលសន្និបាតរយៈពេល១ថ្ងៃនេះ យើងទទួលបានគោលបំណង នៃការបង្កើតសមាគម អត្តសញ្ញាណរបស់សមាគម សមាជិកភាពរបស់សមាគម ប្រភពធនធាននៃសមាគម រចនាសម្ព័ន្ធ នៃការគ្រប់គ្រងរបស់សមាគម និងនីតិវិធីក្នុងការដោះស្រាយវិវាទ កិច្ចពិភាក្សា និងអនុម័តបទបញ្ជាផ្ទៃក្នុងសមាគម នីតិវិធីនៃការលាឈប់របស់សមាគម និងការបណ្តេញចេញពីសមាគម ការបង់សេវាគំាទ្រប្រតិបត្តិក្រុម តំណាងសមាគមបង្ហាញពីផែនការអនុវត្តឆ្នាំ២០១៨ ផែនការថវិកាសម្រាប់អនុវត្តឆ្នាំ២០១៨ ស្ថានភាពសមាគមជីវភាពកសិករឆ្នាំ គិតត្រឹមខែវិច្ឆិកា ស្មើនឹង ៨.៨២៤.៧៦៦ដុល្លារ។
លោក ងួន សុជាតិ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម និងរាជរដ្ឋាភិបាលប្រទេសហ្វាំងឡង់ ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញបទានកម្ចីដ៏ធំធេងតាមរយៈគម្រោង TSSD ដើម្បីបង្កើតសហគមកែលម្អជីវភាពកសិករ រហូតដល់ទទួលបានជោគជ័យ និងមានការរីកចម្រើន តំាងពីនៅតាមភូមិ-ឃុំសង្កាត់ ដែលបានបម្រើឲ្យផលប្រយោជន៍សមាជិកក្រុមកែលម្អជីវភាពក្នុងតំបន់គោលដៅអនុវត្តន៍គម្រោង ការបង្កើតប្រាក់ចំណូល និងលើកម្ពស់ជីវភាពរស់នៅ របស់សមាជិកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
លោកបន្ថែមទៀតថា សន្និបាតនេះអាចឲ្យតំណាងសមាជិកដែលមកពីតាម បណ្តាឃុំគោលដៅទាំងអស់បានយល់ដឹងបន្ថែមទៀតអំពី៖
ទី១៖ ដំណើរការបង្កើតសមាគម និងការពង្រឹងសមត្ថភាពក្រុមប្រឹក្សាភិបាលសមាគម
ទី២៖ លក្ខន្តិកៈសមាគម និងសេចក្តីប្រកាសទទួលស្គាល់សមាគមពីក្រសួងមហាផ្ទៃ
ទី៣៖ បានពិនិត្យ កែសម្រួល និងអនុម័តបទបញ្ជាផ្ទៃក្នុងសមាគមកែលម្អជីវភាពកសិករ
ទី៤៖ ស្ថានភាពទុនបង្វិល និងហិរញ្ញវត្ថុរបស់ក្រុម/សមាគម
ទី៥៖ បានពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៨ របស់សមាគម។
ម្យ៉ាងវិញទៀត សមាគមយើងដំណើរការទៅដោយប្រសិទ្ធភាព និងទទួលបានជោគជ័យនោះ យើងត្រូវមានការសហការគាំទ្រពីអ្នកពាក់ព័ន្ធដល់សមាគមដែលទើបតែបង្កើតថ្មីនេះ ក្រុមការងារគម្រោងថ្នាក់ជាតិ ក៏ដូចជា ក្រុមសេវាករទី២ ត្រូវពង្រឹងសតម្ថភាពដល់ក្រុមប្រឹក្សាភិបាលរបស់សមាគមលើការគ្រប់គ្រង ការដឹកនាំ និងចាត់ចែងទំាងធនធានមនុស្ស និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា សមាគមកែលម្អជីវភាពកសិករត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃ ដោយលិខិតប្រកាសលេខៈ ៥០៤០ប្រក របស់ក្រសួងស្តីពីការចុះឈ្មោះក្នុងបញ្ជី ចុះថ្ងៃទី ១៩ តុលា ២០១៧៕