(អាហ្សង់ទីន)៖ ជាមោទនភាពថ្មីមួយទៀត ក្នុងនាមជាប្រធានសម្របសម្រួលនៃកិច្ចប្រជុំប្រទេសអភិវឌ្ឍន៍តិចតួច ពេលនេះរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ កំពុងជួយសម្របសម្រួលឲ្យប្រទេសអភិវឌ្ឍន៍តិចតួចចំនួនក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក WTO។
ប្រទេសទាំង០៦នោះរួមមាន៖ ស៊ូដង់, កូមូរូស, ប៊ូតាន, អ៊ីតូប្យា, សូមាលី និងទីម័រខាងកើត។
ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួច ដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកទាំង០៦ ដែលធ្វើឡើងនៅប្រទេសអាហ្សង់ទីននាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោករដ្ឋមន្រ្តី បានលើកទ្បើងនូវប្រធានបទសំខាន់ៗចំនួន៣ ដើម្បីជាពិសោធន៍ដល់ប្រទេសទាំង០៦នេះ ដើម្បីទទួលបានជោគជ័យក្នុងសុំចូលជាសមាជិក WTO។
បទពិសោធន៍ដែលលោក ប៉ាន សូរស័ក្តិ បានចែករំលែកនោះរួមមាន៖ (១). ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធដំណើរការចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា ទី(២) ការផ្តោតសំខាន់លើតួនាទីចាំបាច់របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការជួយសម្រួលដល់ដំណើរការចូលជាសមាជិកអង្គការនេះ ជាពិសេសសេចក្តីណែនាំរបស់ General Council ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០០២ និងសេចក្តីកែសម្រួលឆ្នាំ២០១២ និងទី(៣) ការផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើវឌ្ឍនភាពរៀបចំ និងចរចាចូលជាសមាជិករបស់ WTO៕