(ភ្នំពេញ)៖ សាលាបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញចារកម្មដំបូងគេនៅកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ ដោយចំណាយទុនសាងសង់ជិត ២លានដុល្លារសហរដ្ឋអាមេរិក។
សាលាបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញចារកម្មនេះស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គ្រប់គ្រងដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ។ សាលាបណ្តុះបណ្តាលជំនាញចារកិច្ច រួមនិងហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការដាក់ឲ្យដំណើរការសាលាបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញចារកម្មនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចពិជ័យសេនា ទៀប បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ ព្រមទាំងមេទ័ពកំពូលៗ និងនាយទាហាន នាយទាហានរង ពលទាហានរាប់ពាន់នាក់ផ្សេងទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា សាលាបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញចារកម្មនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ បង្កើនជំនាញចារកិច្ចដល់យោធាកម្ពុជា ក្នុងបរិបទដែលពិភពលោកកំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ លោក ហ៊ុន ម៉ានិត បានគូសបញ្ជាក់ទៀតថា សាលានេះ ក៏នឹងជួយលាក់អត្តសញ្ញាណរបស់មន្ត្រីចារកម្មរបស់កម្ពុជាផងដែរ។
«សាលានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពយោធិនរបស់យើង។ ជាពិសេសជំនាញចារកិច្ចតែម្តង ការបណ្តុះបណ្តាល របស់យើងនៅទីនេះ មានលក្ខណៈពិសេសមួយត្រង់ថា យើងអាចរក្សា និងលាក់បាំងសមាសភាពនាយទាហាន នាយទាហានរង និងពល ទាហានរបស់យើង ជាពិសេសការពង្រឹងនូវភាពជាម្ចាស់ការរបស់យើង»។ លោក ហ៊ុន ម៉ានិត បានគូសបញ្ជាក់។
លោក ហ៊ុន ម៉ានិត បានចាត់ទុកសាលាបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញចារកម្មនេះ ក៏ជាមោទនភាពថ្មីមួយទៀតសម្រាប់ជាតិ និងយោធាកម្ពុជា ព្រោះជាកន្លែងបណ្តុះបណ្តាលជំនាញចារកម្មដំបូងគេនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ក៏បានបង្ហាញនូវមោទនភាពផងដែរ ចំពោះវត្តមានសាលាចារកម្មមួយនេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលកន្លងទៅកម្ពុជាបានបញ្ជូនមន្ត្រីចារកម្មទៅរៀនសូត្រពីប្រទេសដទៃ ជាហេតុធ្វើ ឲ្យប្រទេសទាំងនោះដឹងសមាសភាពមន្ត្រីចារកម្មរបស់កម្ពុជា ឬអាចទិញមន្ត្រីចារកម្មហ្នឹងថែមទៀតផង។
ក្រៅពីការបង្ហាញនូវមោទនភាពសម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវបទពិសោធន៍មួយចំនួនលើជំនាញចារកម្មផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាញចារកម្មមិនមែនធ្វើត្រឹមតែការចងក្រង ឬ យកព័ត៌មាននោះទេ តែចាំបាច់ត្រូវក្តាប់ឲ្យបាននូវព័ត៌មាន និងការវិវឌ្ឍន៍លើបញ្ហាដទៃទៀត។ ជាពិសេសត្រូវបែងចែកឲ្យបានច្បាស់នូវព័ត៌មានបំភ័ន្ត និងព័ត៌មានបំផ្លើស។
«អ្វីដែលខ្ញុំចង់បញ្ជាក់ គឺខ្ញុំមិនចង់ឲ្យចារកម្មត្រឹមតែជាអ្នកផ្តល់ព័ត៌មាននោះទេ ចារកម្មក៏ត្រូវមានជម្រើសយកមកវិភាគព័ត៌មានដែលចេញមកមានលក្ខណៈជាការបំភ័ន្ត ព័ត៌មានបំផ្លើស ឬ ព័ត៌មានដែលទាក់ទិនជារឿងមិនពិតមិនគួរត្រូវបានយកមកធ្វើការនាំធ្ងន់ នាំពិបាកមើលនោះទេ»។ សម្តេចតេជោ បានបញ្ជាក់បន្ថែម។
ក្រៅពីការសម្ពោធអគារបណ្តុះបណ្តាល និងហេដ្ឋារចនាសម្ព័ន្ធនានាហើយ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុចបេតុងបុកគ្រឹះសាងសង់សាលប្រជុំអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ដែលមានទំហំ ៥៨ម៉ែត្រ គុណនឹង២៧ ម៉ែត្រ និងអាចដាក់នាយទាហាន, នាយទាហានរងនិងពលទាហាន ចំនួន៩០០នាក់៕