(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន ១៥ ឱ្យប្រើប្រាស់ជាផ្លូវការជូនដល់ប្រជាពលរដ្ឋចំនួន ៣៤៥ គ្រួសារ ស្មើនឹង ១,២៥៤ នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងពិធីប្រគល់អណ្ដូងទឹកនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីនោះ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជាពិសេសត្រូវពិសារទឹកឆ្អិនជាប្រចាំ។ សូមបងប្អូន ចូលរួមថែរក្សាសមិទ្ធផលអណ្ដូងទឹកនេះ ឱ្យបានគង់វង្សរយូអង្វែង។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកព័ត៌មាន ឱ្យបានគ្រប់គ្រាន់ មុននឹងធ្វើចំណាកស្រុក ដើម្បីជៀសវាងការចាញ់បោកជនខិលខូច ហើយជាពិសេស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងដែលជាហេតុនាំឲ្យកើតមានអំពើហិង្សាគ្រប់រូបភាព។
ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងឱកាសនោះ ចំពោះស្ត្រីម្នាក់ៗទទួលបាន សារុង១ និងបុរសទទួលបាន ក្រមា១។ ក្រោយពីទទួលបានសមិទ្ធផលនេះហើយប្រជាពលរដ្ឋមានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
សូមបញ្ជាក់ថាផងដែរថា អណ្ដូងទាំង១៥ខាងលើនេះ អណ្ដូងចំនួន១៤ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំឆែបពីរ ស្រុកឆែប និងអណ្ដូងចំនួន១ទៀត ប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ៕