(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យដោយផ្ទាល់ ចំពោះការប្រឡង វគ្គ NBC–FSI Connect លើកទី១៦ របស់សិក្ខាកាមចំនួន២៥រូប ដោយក្នុងនោះសិក្ខាកាមចំនួន១៣រូប ត្រូវប្រឡងបញ្ចប់កំរិត១។
វគ្គ Financial Stability Institute របស់ធនាគារជាតិនៃកម្ពុជា (NBC-FSI Connect) ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតឡើងក្រោម ការផ្តួចផ្តើមរបស់លោក ជា ចាន់តូ ដើម្បីកសាងសមត្ថភាព ធនធានមនុស្ស នៅក្នុងធនាគារជាតិ។ បន្ថែមលើកម្មវិធីបណ្តុះបណ្តាល ផ្ទៃក្នុងដែលមានស្រាប់ជាពិសេស ដើម្បីឯកទេសកម្ម ខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបតាមការប្រែប្រួលនៃ និម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ អំពីការត្រួតពិនិត្យធនាគារ។
វគ្គ NBC-FSI Connect នេះ តម្រូវឲ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបីកម្រិត រួមមានកម្រិតបឋម កម្រិត មធ្យម និងកម្រិតខ្ពស់ ចំណែកការសិក្សាមានចំនួន៣ឆ្នាំ។ កាលពីខែមិថុនា ឆ្នាំ ២០១៦ ធនាគារជាតិ នៃកម្ពុជាក៏បានទិញសិទ្ធ សិក្សា ជូនមន្ត្រី បុគ្គលិក សរុបប្រមាណ២៣៧រូប និងដាក់ឱ្យដំណើរកាសិក្សា និងរៀបចំឱ្យប្រឡងផ្លូវការជាបន្ដបន្ទាប់។
ដើម្បីធានាគុណភាពសិក្សា គណៈកម្មការគ្រប់គ្រងវគ្គ ត្រូវបានបង្កើតឡើងម្រាប់គ្រប់គ្រងការសិក្សា របស់សិក្ខាកាម វគ្គនេះក៏ មានការគាំទ្រដោយផ្ទាល់ពីថ្នាក់ដឹកនាំថែមទៀតផង។ សិក្ខាកាមទាំងអស់ ត្រូវបានតម្រូវឱ្យប្រឡង ជាផ្លូវការចំពោះមុខគណៈកម្មការ គ្រប់គ្រង វគ្គ ក្រោមការ ត្រួតពិនិត្យដោយផ្ទាល់របស់លោក ទេសាភិបាល រាល់ពេលបញ្ចប់មុខវិជ្ជានីមួយៗ រហូតដល់ពេលបញ្ចប់កម្រិតទាំងបី។
សូមបញ្ជាក់ថា វគ្គនេះបានរៀបចំឡើងដោយវិទ្យាស្ថាន ស្ថិរភាព ហិរញ្ញវត្ថុ អន្តរជាតិ នៃធនាគារ សម្រាប់ការទូទាត់ អន្តរជាតិ (Bank for International Settlement - BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ។ បច្ចុប្បន្ននេះ ធនាគារកណ្តាល និង ស្ថាប័នហិរញ្ញវត្ថុ សាធារណៈជាង ៣០០ នៅលើពិភពលោក បានទិញសិទ្ធិសិក្សាជូនមន្ត្រីខ្លួន ដើម្បីលើកកម្ពស់ គុណវុឌ្ឍិ ផ្នែក ត្រួតពិនិត្យធនាគារ ហើយមានសិក្ខាកាមសរុបចំនួន ជាង ១០,០០០ នាក់កំពុងសិក្សា៕