(ត្បូងឃ្មុំ)៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាស្តីពីការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល ដើម្បីបង្កើនការយល់ដឹងបន្ថែមពីវិស័យពាណិជ្ជកម្ម ជូនដល់សាធារណជន មន្ត្រីរាជការ សិស្ស និស្សិត អាជីវករ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធ។
សិក្ខាសាលានេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្រោមអធិបតីលោក ជាម ច័ន្ទសោភណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ និងមានការចូលរួមពីមន្ត្រីក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីតាមមន្ទីរជុំវិញខេត្ត សិស្ស និស្សិត អាជីវករ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធសរុបចំនួន ១០០នាក់។
លោក តូច សុខន បានឲ្យដឹងថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ រួមមាន៥ចំណុច ដើម្បីរៀបចំឲ្យមានអង្គសិក្ខាសាលានាថ្ងៃនេះឡើង ដើម្បីបង្កើនការយល់ដឹងពីវិស័យពាណិជ្ជកម្មដល់អ្នកចូលរួម ផ្សព្វផ្សាយកិច្ចព្រមព្រៀងមួយចំនួន ដែលក្រសួងពាណិជ្ជកម្មបានធ្វើ បង្ហាញពីអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្ពុជាដែលទទួលបាន ក្រោយពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ថ្នាក់តំបន់ ថ្នាក់ពិភពលោក ទាំងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី បង្ហាញពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងការរៀបចំឯកសារនានាទៅតាមក្រសួង ឬអង្គភាពសម្រាប់ការនាំចេញនាំចូលទំនិញនិងបង្ហាញឯកសារ ឧបសម្ព័ន្ធផ្សេងៗទាក់ទងនឹងការរៀបចំឯកសារសម្រាប់នាំចេញ និងនាំចូល។
លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងពីឥទ្ធិពលនៃសកលភាវូបនីយកម្មចំពោះសេដ្ឋកិច្ចសកល ដែលតម្រូវឲ្យមានកិច្ចព្រមព្រៀងអន្តរជាតិនានា ហើយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងខិតខំចរចាជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ច ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
លោក ជាម ច័ន្ទ សោភណ្ឌ បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្តល់ឱកាសឲ្យមន្ត្រីរាជការតាមបណ្តាមន្ទីរនានាក្នុងខេត្ត សិស្ស និស្សិត និងភាគីពាក់ព័ន្ធ ដកស្រង់បទពិសោធន៍ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ស្តីពីការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល ដើម្បីយល់ដឹងសម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈមចំពោះ វិស័យពាណិជ្ជកម្ម ដែលកំពុងតែកើនឡើង នាពេលបច្ចុប្បន្ន ទាំងក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាទៅកាន់សហគមន៍អឺរ៉ុបនោះ។
គួររំលឹកថា តាមរយៈការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី កម្ពុជាបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ២០០៤ ដែលបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ក្នុងការបោះជំហានចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។
ក្នុងរយៈពេលជាង២ទសវត្ស ចុងក្រោយនេះ កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចគិតជាមធ្យម ៧% រៀងរាល់ឆ្នាំ ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ដែលមានប្រាក់ចំនូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ៕