(ភ្នំពេញ)៖ យុវសិស្សកម្ពុជាម្នាក់ មកពីខេត្តកំពង់ឆ្នាំង បានឈ្នះមេដាយសំរឹទ្ធ ក្នុងកម្មវិធីប្រកួតប្រជែង អ្នកវិទ្យាសាស្ត្រវ័យក្មេង អូឡាំព្យាដ អន្តរជាតិលើកទី១៤ (The 14th International Junior Science Olympiad-IJSO) នៅប្រទេសហូឡង់ នាថ្មីៗនេះ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
ក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា អ្នកទទួលបានមេដាយសំរឹទ្ធនេះ គឺយុវតី ប៊ុនថន ចរិយា មកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង។ កម្មវិធីប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេង ជាលក្ខណៈអន្តរជាតិនេះ មានបេក្ខជនអាយុក្រោម១៦ឆ្នាំ ៣០០នាក់ មកពី៥០ ប្រទេស ចូលរួមប្រកួតប្រជែង ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
ដោយឡែក សម្រាប់កម្ពុជា ក្រសួងអប់រំយុវជន និង កីឡា បញ្ជូនគ្រូដឹកនាំ៣នាក់ អ្នកសង្កេតការណ៍១នាក់ និងបេក្ខជន៦នាក់ ដើម្បីទៅចូលរួម ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ៕