(ភ្នំពេញ)៖ អនុប្រធាន និងសមាជិកថ្មីរបស់គ.ជ.ប ទាំង៣រូប នឹងចូលស្បថ នៅព្រះបរមរាជវាំង នៅវេលាម៉ោង៤៖០០នាទី រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ មុននឹងចូលកាន់តំណែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា។
អនុប្រធាន និងសមាជិកថ្មីរបស់គ.ជ.ប ទាំង៣រូបនោះរួមមាន លោក នុត សុខុម មានតំណែងជាអនុប្រធានគ.ជ.ប, លោក ឌឹម សុវណ្ណារ៉ុម និង លោក ហ៊ែល សារ៉ាត់ ជាសមាជិក។ ក្នុងនោះ លោក នុត សុខុម ទទួលបានកូតាមកពីគណបក្សហ៊្វុនស៊ិនប៉ិច លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និង លោក ឌឹម សុវណ្ណារ៉ុម ត្រូវបានជ្រើសរើសរួមមកពីសាលាក្តីខ្មែរក្រហម។
អនុប្រធាន និងសមាជិកថ្មីរបស់គ.ជ.ប ទាំង៣រូប ត្រូវបានរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពេលរដ្ឋសភាបានប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ៥៥រូប ដែលទៅកាន់អាសនៈទំនេរ ក្រោយរំលាយ គណបក្សសង្រ្គោះជាតិ។
ការរៀបចំបោះឆ្នោតជ្រើសរើសអនុប្រធាន និងសមាជិកថ្មីរបស់គ.ជ.ប ទាំង៣រូប បានធ្វើឡើងបន្ទាប់ពី អនុប្រធាន និងសមាជិកចាស់៣រូប បានលាលែងពីតំណែងក្នុងនោះមាន លោក គួយ ប៊ុនរឿន អតីតអនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន និង និងលោកស្រី តែ ម៉ានីរ៉ុង ដែលជាអតីតសមាជិក៕
លោក នុត សុខុម
លោក ហ៊ែល សារ៉ាត់
លោក ឌឹម សុវណ្ណារុំ