(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «គោលនយោបាយ ស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ» ក្រោមអធិបតីភាពរបស់ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន តម្លៃសមរម្យ តំណាងលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង, ក្រសួងស្ថាប័ននៃរាជារដ្ឋាភិបាល, អាជ្ញាធរដែនដី, ក្រុមហ៊ុនអភិឌ្ឍន៍លំនៅឋាន, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិលផងដែរ។
លោក វង្សី វិស្សុត បានថ្លែងថា គោលនយោបាយ ស្តីពីការលើកទឹកចិត្ត និងការបង្កើត កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសម្យនេះ គឺជាគំនិតផ្តួចផ្តើមដោយផ្ទាល់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ គោលនយោបាយនេះ គឺមានគោលដៅសង្គមផង និងសេដ្ឋកិច្ចផង សំដៅធ្វើឱ្យប្រជាជនទូទាំងប្រទេស មានលំនៅឋានសមរម្យ អាចរស់នៅ បានប្រកបដោយសុខមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋ ដែល មានប្រាក់ចំណូលមធ្យម និងទាប តាមរយៈការផ្គត់ផ្គង់លំនៅឋាន សមរម្យ ដែលមាន តម្លៃស្របនឹងលទ្ធភាពចំណូលរបស់ខ្លួន ហើយគ្មានលទ្ធភាពក្នុងការទិញលំនៅឋាន ដែលផ្តត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន។
លោកបន្ថែមថា គោលនយោបាយនេះ ក៏នឹងផ្តល់ឱកាស ដល់យុវជនដែលទើបចូលប្រឡូកការងារ, គូស្រករដែលទើបរៀបការថ្មោងថ្មី, រួមទាំងពលករចំណាកស្រុក ដែលមកស្វែងរកការងារនៅតាមទីក្រុង និងអ្នកដែលចង់ មករស់នៅក្នុងទីក្រុង តែមិនទាន់មានផ្ទះ ឬចង់បានផ្ទះលើកទី១ អាចមានលទ្ធភាពទទួលបាន នូវការផ្គត់ផ្គង់នូវលំនៅឋានដែលមានតម្លៃសមរម្យ រួមទាំងលទ្ធភាពក្នុងការទទួល បានកម្ចី ដែលមានការប្រាក់សមរម្យសម្រាប់ទិញលំនៅឋានផងដែរ ហើយអាចរស់នៅប្រកបការងារ ដោយមានសុវត្ថិភាពផ្លូវចិត្ត និងកាន់តែខិតខំស្រលាញ់ បំពេញការងាររបស់ខ្លួន ប្រកបដោយ ផលិតភាព និងជំនាញ។
បើតាមលោក វង្សី វិស្សុត ការដាក់ចេញនូវគោលនយោបាយនេះ ក៏សំដៅរួមចំណែកទ្រទ្រង់ដល់សកម្មភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលបានដើរតួនាទី ជាចន្ទល់កំណើនសេដ្ឋកិច្ចកន្លងមក។ ក្រៅពីនេះ ក៏នឹងជួយផ្សារភ្ជាប់កោសិកាសង្គម សុខដុម ភាពរវាងប្រជាជនគ្រប់ស្រទាប់ និងសម្រាលនូវទំនាស់សង្គម និងដោះស្រាយបញ្ហា នគរូបនីយកម្ម បញ្ហាសេវាសាធារណៈ និងបញ្ហាបរិស្ថានផងដែរ។
គោលនយោបាយនេះ ត្រូវអនុវត្ដជាពីរជំហាន៖ ជំហានទី១៖ គឺជាការសាកល្បងដាក់ឱ្យអនុវត្ដ កញ្ចប់វិធានការលើកទឹកចិត្ដផ្នែកសារពើពន្ធ, ផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគ សាធារណៈ និងផ្នែកនិយតកម្ម សំដៅទាក់ទាញការចូលរួមពីវិស័យឯកជន ក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍លំនៅឋានសមរម្យ និងជំហានទី២៖ គឺជាការសិក្សា និងការរៀបចំបង្កើត កម្មវិធីថ្នាក់ ជាតិសម្រាប់គាំទ្រការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលនឹងក្លាយជាផ្នែក មួយនៃប្រព័ន្ធសន្ដិសុខ-សង្គម និងជាឧបករណ៍គោលនយោបាយ សម្រាប់គាំទ្រការ អនុវត្ដយុទ្ធសាស្រ្ដអភិវឌ្ឍប្រទេសរយៈពេលវែង ។
ជំហានទី១ គឺផ្តោតលើគោលបំណង៤ធំៗ រួមមាន ៖ ទី១.ការទទួលបានលំនៅឋាន សមរម្យសម្រាប់ក្រុមគ្រួសារ ដែលមានចំណូលទាប និងមធ្យម ទី២.លើកកម្ពស់សុវត្ថិភាព នៃការកាន់កាប់លំនៅឋាន ទី៣.ពង្រឹងគុណភាពលំនៅឋាន និង ទី៤. បង្កើនការទទួលបាន គេហសេវាដូចជាទឹកស្អាត អគ្គិសនី និងសេវាសង្គមនានា ។
ជំហានទី២ គឺជាដំណាក់កាល នៃការរៀបចំកម្មវិធីគ្រប់ជ្រុងជ្រោយ ហើយនឹងផ្តោតលើស មាសធាតុ ៤ ធំៗ រួមមាន៖ ទី១.ការសាងសង់លំនៅឋានតម្លៃសមរម្យ ក្នុងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និង/ឬ សហគមន៍, ទី២.ការរៀបចំគោលការណ៍ និងអនុវត្ដកូតាលំនៅ ឋានតម្លៃសមរម្យក្នុងគម្រោង អភិវឌ្ឍន៍លំនៅឋាន ទី៣.ការរៀបចំឥណទានទិញ ឬកែលម្អ លំនៅឋានសម្រាប់គ្រួសារមានចំណូលទាប និងមធ្យម និង ទី៤. ការរៀប ចំលំនៅ ឋានសាធារណៈសម្រាប់គ្រួសារមានចំណូលទាប និងសង្គមកិច្ច។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវតម្លាភាព និងភាពយុត្តិធម៌, ដំណើរការនៃ ការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានសមរម្យនេះ នឹងត្រូវបានឆ្លង់កាត់ការ វាយតម្លៃ យ៉ាងម៉ត់ចត់ និងមានយន្តការតាមដានច្បាស់លាស់ ទាំងគុណភាពលំនៅឋាន និងហេដ្ឋា រចនាសម្ព័ន្ធពាក់ព័ន្ធនានា ជាពិសេសការលក់ និងការលក់បន្ត តែមានភាពងាយស្រួល, សាមញ្ញ, ទាក់ទាញ និងលទ្ធភាពទទួលបាននូវប្រាក់ចំណេញសមរម្យ សម្រាប់អ្នកវិនិយោគផ្នែកលំនៅឋានតម្លៃសមរម្យវិញផងដែរ។
លោក វង្សី វិស្សុត បានស្នើដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន សូមចូលរួមសហការអនុវត្ត គោលនយោបាយលំនៅឋាន តម្លៃសមរម្យនេះ ឱ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅឋាន ដែលមានតម្លៃសមរម្យនៅកម្ពុជា បច្ចុប្បន្នដែលមានទំហំធំ និងដើម្បីធ្វើឱ្យប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម និងទាប ជាពិសេសយុវជនស្រករក្រោយ អាចមានលំនៅឋាន ដែលជាតម្រូវការមូលដ្ឋាន ចាំបាច់ សម្រាប់មនុស្សជាតិគ្រប់រូបៗ។
លោកក៏ស្នើសុំដល់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារអន្តរក្រសួង ទទួលបន្ទុកកិច្ចការលំនៅឋានតម្លៃសមរម្យនេះ ឱ្យបន្តជួយផ្សព្វផ្សាយគោល នយោបាយ ដ៏សំខាន់របស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ នៅដល់ស្រទាប់មហាជនទូទៅ៕