(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសមិនទទួលយក លោក នី សោភ័ណ្ឌ ជាសមាជិកគណបក្សយុវជនកម្ពុជានោះទេ ក្រោយពេលអតីតសមាជិកគណបក្សអំណាចខ្មែររូបនោះ គ្រោងធ្វើបាតុកម្មតូចមួយ ដើម្បីទាមទារឱ្យ មានការដោះលែង លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។
លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «លោក នី សោភ័ណ្ឌ ដែលបានប្រកាសខ្លួនចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សយុវជនកម្ពុជា ប៉ុន្មានថ្ងៃមុននេះ គឺខ្ញុំសូមបដិសេធទាំងស្រុងចំពោះ ការប្រកាសរបស់ លោក នី សោភ័ណ្ឌ ដោយហេតុលោក នី សោភ័ណ្ឌ មិនបានបំពេញលក្ខខ័ណ្ឌស្រប តាមបទបញ្ជាផ្ទៃក្នុងរបស់គណបក្សយុវជនកម្ពុជានៅឡើយទេ ដូច្នេះលោក នី សោភ័ណ្ឌ មិនមែនជាក្រុម ការងាររបស់គណបក្សយុវជនកម្ពុជានោះទេ»។
លោកបានបន្តទៀតថា «ក្នុងន័យនេះ គណបក្សយុវជនកម្ពុជាមិនទទួលខុស ត្រូវរាល់ទង្វើររបស់ឈ្មោះ នី សោភ័ណ្ឌ ឡើយ។
សូមបញ្ជាក់ថា លោក នី សោភ័ណ្ឌ អតីតប្រធានក្រុមការងារខេត្តតាកែវ និងជាអតីតប្រធានចលនាយុវជនបៃតងថ្នាក់ជាតិ របស់គណបក្សអំណាចខ្មែរ បានប្រកាសចុះចូលជាមួយគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ។ លោកបានបញ្ជាក់លើទំព័រ Facebook បង្ហាញគោលបំណង នៃការចុះចូលនេះថា «ដោយខ្ញុំមើលឃើញ គោលនយោបាយរបស់ គណបក្សយុវជនកម្ពុជា ស្របតាមឆន្ទ:របស់ខ្ញុំដែល គិតពីប្រយោជន៍ជាតិ និងពលរដ្ឋជាធំ»៕
ពេជ្រ ស្រស់
នី សោភ័ណ្ឌ