(ព្រះវិហារ)៖ ថ្វីត្បិតតែសកម្មភាពចរាចរណ៍នៅខេត្តព្រះវិហារ មិនទាន់ណែនណាត់តាន់តាប់ដូចបណ្តាខេត្ត-រាជធានីមួយចំនួន តែការការពារគ្រោះថ្នាក់ចរាចរណ៍ ត្រូវតែគិតគូរដោយការអប់រំ ការណែនាំឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា រីឯសមត្ថកិច្ចនគរបាលចរាចរណ៍ត្រូវឈរនៅតាមគោលដៅនានា ពិសេសនៅតាមទីប្រជុំជន ផ្សារ សាលារៀនជាដើម។

លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះថា គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានឡើងនៅតាមដងផ្លូវនានា គឺមិនមានអ្នកណាម្នាក់បានដឹងជាមុនថា តើគ្រោះថ្នាក់នោះវាកើតឡើងនៅម៉ោងប៉ុន្មាន? វាកើតឡើងនៅថ្ងៃណា ហើយអ្នកណាម្នាក់ដែលត្រូវរងគ្រោះថ្នាក់ចរាចរណ៍នេះ? ដូច្នេះបញ្ហានេះមិនមានអ្នកណាម្នាក់បានដឹងជាមុននោះទេ។

ទន្ទឹមនឹងការអប់រំណែនាំដល់ពលរដ្ឋគោរពច្បាប់ចរាចរណ៍ លោកក៏បានដាក់បទបញ្ជាឲ្យនគរបាលចរាចរាចរណ៍ ត្រូវឈរជើងនៅតាមទីប្រជុំជន ផ្សារ និងសាលារៀនជាដើម ពិសេសសាលារៀនតែម្តង ដែលមានក្មេងៗជាសិស្សសាលាតូចៗ ដោយសារឆ្លងផ្លូវមកសាលា និងចេញពីសាលាមកផ្ទះវិញ ដែលករណីនេះ លោកបានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ ត្រូវសម្រួលចរាចរណ៍នៅមុខសាលាត្បែងមានជ័យ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ រាល់ពេលសិស្សចូលរៀន និងចេញពីរៀន។

លោកស្នងការបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ បើកបរមានការអធ្យាស្រ័យ ពិសេសម៉ោងចូលរៀន និងចេញពីរៀនរបស់សិស្ស។

ប្រជាពលរដ្ឋដែលជាអាណាព្យាបាលរបស់សិស្ស បានសម្ដែងនូវកោតសរសើរដល់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះវិហារ ដែលតែងតែជួយសម្រួលចរាចរណ៍នៅមុខសាលរៀនជារៀងរាល់ថ្ងៃ៕