(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវ:កម្ម នៅថ្ងៃអង្គារ៍ទី៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលការណ៍ណែនាំ «វិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត» ក្រោមជំនួយបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ីលេខ៨៨៣៤ (ADB)។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមជាមួយ ឧត្តមសេនីយ៍ នាយទាហាន ដែលបានមកពីបណ្តាកងឯកភាពនៃ ខ.ភ .ម ព្រមទាំងលោកលោកស្រី នៃអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី «វិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋាន គតិយុត្ត» ហើយលោកក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្រុមការងារ នៃក្រសួងការពារជាតិនិងសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយគាំទ្រដល់សិក្ខាសាលានេះ និងផ្តល់ឱកាសសំរាប់យើងទាំងអស់គ្នា បានស្វែងយល់អំពីវិធីសាស្រ្តដែលអនុវត្តនៅកម្ពុជា ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសទទួលបានការរីកចម្រើនលូតលាស់ និងកំពុងអនុវត្តកម្មវិធី កំណែទម្រង់លើ គ្រប់វិស័យ ហើយផ្នែកសំខាន់មួយ គឺការកំណែទម្រង់លើលិខិតបទដ្ឋានគតិយុត្តឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៅក្នុងការរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្តផ្សេងៗគាំទ្រដល់សេដ្ឋកិច្ច សង្គមអោយទាន់សម័យទំនើប ក្នុងសកលភារូបនីយកម្មទៀតផង។
លោក ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តនយោបាយ ឈ្នះ ឈ្នះ ទើបប្រទេសទទួលបាននូវសុខសន្តិភាព និងមានឱកាសទទួលបានការអភិវឌ្ឍន៍។
ជាមួយគ្នានេះ លោកក៏សូមចូលរួមអបអរសាទរប្រកប ដោយមនោសញ្ជេតនា រំភើបរីករាយក្រៃលែង ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបជ្រើសតាំងជា «ឯកអគ្គរដ្ធទូតសុច្ឆន្ទ:ពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃកាអភិវឌ្ឍ ប្រកបដោយចីរភាព» នេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេស និងការួមចំណែកប្រកបដោយគតិបណ្ឌិត សក្តានុពលនាំមកនូវជោគជ័យដ៏ត្រចះត្រចង់ ទាំងលើផ្នែកនយោបាយសន្តិសុខ សង្គម ទេសចរណ៍ និងការអភិវឌ្ឍទទួលបាននូវការគាំទ្រ ជឿជាក់ពីមជ្ឈដ្ឋានក្នុងប្រទេស តំបន់និងអន្តរជាតិទៀតផង៕