(ភ្នំពេញ)៖ លោក វិន ប្រុស អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាងអភិបាលខណ្ឌ លោក ជា ពិសី នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យវាយតម្លៃគុណភាព ផ្លូវ លូ ក្នុងគម្រោងមូលនីធិអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៧ ក្រោយពីស្ថាបនារួចរាល់ជាស្ថាពរ ជូនប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ភូមិ៤ សង្កាត់ច្រាំងចំរេះ១ និងភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានថ្លែងថា ការស្ថាបនាផ្លូវ លូ ជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៣ខាងលើនេះ ត្រូវបានប្រើប្រាស់កញ្ចប់ថវិកា ក្នុងគម្រោងមូលនីធិអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៧ បន្ទាប់ពីស្ថាបនារួចរាល់ជាស្ថាពរ ក្នុងនាមអាជ្ញាធរក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន ដាច់ខាតត្រូវត្រួតពិនិត្យវាយតម្លៃគុណភាព ឡើងវិញអំពីកម្រាស់ ទំហំ និងប្រវែង ដែលភាគីក្រុមហ៊ុនធ្វើផ្លូវ បានកុងត្រា ដើម្បីស្របទៅតាម លក្ខណៈបទដ្ឋានស្តង់ដាបច្ចេកទេស ឲ្យបានយូរអង្វែង ជូនប្រជាពលរដ្ឋប្រើប្រាស់៕