Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចេញដីកាឃុំខ្លួន ឈ្មួញលួចលក់ផលិតផលគ្រឿងសំអាងក្លែងក្លាយ, ជនរងគ្រោះទទូចឲ្យសមត្ថកិច្ច បន្តប្រតិបត្តិការចុះបង្ក្រាបការលួចចែកចាយ និងលក់ផលិតក្លែងក្លាយកាន់តែខ្លាំង

12-12-2017 12:18

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកាឃុំខ្លួនឈ្មួញម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ដោយចុះទៅបង្ក្រាបដល់ទីតាំងជាក់ស្តែង ដែលលួចចែកចាយ និងលក់ផលិតផល DiTi Cosmectics ក្លែងក្លាយ ពោលបានរំលោភកម្មសិទ្ធិលើម្ចាស់ដើម។ នេះបើតាមមន្រ្តីតុលាការ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

មន្រ្តីតុលាការបានបញ្ជាក់ថា ជនត្រូវចោទមានឈ្មោះ ស៊ាន រ៉ាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅផ្ទះលេខ៨០ ផ្លូវលេខ៣០ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកម្ចាស់ផលិតផល DiTi Cosmectics មានឈ្មោះ អ៊ា ស៊ូទៀង ភេទស្រី ជាប្រធានគ្រឹះស្ថានអារហ័ណ នីហរ័ណ ផលិតផលគ្រឿងសំអាង។

ជាមួយគ្នានេះម្ចាស់ផលិតដើម បានទទូចឲ្យជនដែលជាប់ពាក់ព័ន្ធឲ្យបញ្ឈប់ជាបន្ទាន់ ក្នុងការបន្តចែកចាយផលិតផលក្លែងក្លាយនេះ នៅលើទីផ្សារ ហើយបានស្នើរសុំតុលាការដាក់ទោសទណ្ឌ ជនជាប់ចោទដែលកំពុងជាប់ក្នុងពន្ធនាគារឲ្យបានធ្ងន់ធ្ងរ ព្រមទាំងវែកមុខជនខិលខូចនៅពីក្រោយខ្នង មកផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹង។

យោងតាមដីកាឃុំខ្លួនរបស់លោកចៅក្រម បានបញ្ជាក់ថា នេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «លក់ទំនិញដែលមានម៉ាកក្លែងក្លាយ ប្រព្រឹត្តទៅផ្ទះលេខ៨០ ផ្លូវលេខ៣០ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០១៧»

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឆ្មក់ចូលចាប់ខ្លួនបានដល់ក្នុងលំនៅដ្ឋាន ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចុះចាប់នឹងបង្ក្រាបលើបទល្មើសក្លែងនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងផលិតផលក្លែងក្លាយមួយចំនួន ជាភស្តុតាងក្នុងដាក់បន្ទុកលើជនជាប់ចោទតាមផ្លូវច្បាប់៕