(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហមុនី ទ្រង់បានផ្ញើព្រះរាជសារអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេច ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងព្រះរាជសាររបស់សម្តេចម៉ែ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ព្រះអង្គបានមានព្រះរាជបន្ធូលយ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះដំណឹងដ៏ប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្ដៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេស ប្រកបដោយកិត្តិបណ្ឌិតធ្វើឲ្យព្រះរាជណាចក្រកម្ពុជា មានសុខសន្ដិភាព ស្ថេរភាពសង្គម និងជាការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ។»។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ជូនចំពោះសម្តេចម៉ែ ដែលព្រះអង្គសម្ដេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន និងការអបអរសាទរ ប្រសិទ្ធិពរបវមហាប្រសើរ ចំពោះសម្ដេចដែលត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
នៅក្នុងសារលិខិតថ្លែងអំណរព្រះរាជគុណ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មហាកិត្តិយសដ៏អស្ចារ្យ ដែលទូលព្រះបង្គំជាខ្ញុំ ទទួលបាននាឱកាសនេះ គឺពិតជាមិនអាចកាត់ផ្ដាច់ពីគុណបុណ្យបារមី នៃអង្គសម្ដេចម៉ែ ជាអម្ចាស់ជីវិតដម្កល់លើត្បូង ជាទីគោរពសការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គស្ដេចទ្រង់ បំពេញព្រះរាជបូជនិយកិច្ចប្រកបដោយព្រះទសពិធរាជធម៌ បង្កលក្ខណៈ ត្រជាក់ត្រជំ រួមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ មន្ដ្រីរាជការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសភរិយាដ៏ឧត្តុង្គឧត្តមរបស់ទូល ព្រះបង្គំជាខ្ញុំ ដែលបានបូជាកម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីរួចគ្នាអភិវឌ្ឍន៍ពូនជ្រំសុខសន្ដិភាព ស្ថិរភាពនយោបាយ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហាបំផុតនៃយើងបានឡើយ»។
ខាងក្រោមនេះជា ព្រះរាជសារលិខិតអបអរសាទររបស់សម្តេចម៉ែ និងសារលិខិតថ្លៃងអំណរព្រះរាជគុណរបស់សម្តេចតេជោ ហ៊ុន សែន៖