(ភ្នំពេញ)៖ ក្រុមហ៊ុនកាំមេរ៉ា Gopro សឹង្ហបូរី សាខានៅប្រទេសកម្ពុជា ដឹកនាំដោយ W&H Team បានរៀបចំពិធីបង្ហាញអំពីរបៀប ប្រើប្រាស់ផលិតផលថ្មីកាំមេរ៉ាម៉ាក Gopro ដល់អតិថិជន និងពិធីពិសារអាហារសាមគ្គីជាមួយបណ្តាអ្នកចែកចាយបន្ត អ្នកជំនាញកាមេរ៉ា GoPro នៅកម្ពុជាដូចជា៖ GoPro Hero និង KARMA Drone ប្រមាណជាជាង៥០នាក់ នៅភោជនីយដ្ឋាន វេហា ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។
លោក ហៀង ឈុនហេង ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន GoPro កម្ពុជា បានថ្លែងថា គោលបំណងរបស់ពួកយើងចំពោះអតិថិជន មិនមែនគ្រាន់តែចង់ឲ្យពួកគាត់ទិញ ត្រឹមតែផលិតផលពីក្រុមហ៊ុននោះទេ តែពួកយើងចង់ឲ្យអតិថិជនមានភាពកក់ក្តៅបន្ទាប់ពីទិញឧបករណ៍របស់ GoPro។ គោលបំណង នៃការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន GoPro កម្ពុជា ចង់ឲ្យអ្នកប្រើប្រាស់បានយល់ដឹងបន្ថែមពីរបៀបប្រើប្រាស់កាន់តែច្បាស់ ពីអត្ថប្រយោជន៍របស់កាំមេរ៉ា GoPro ផងដែរ។
លោក ហៀង ឈុនហេង បានបន្តថា មួយរយៈពេលថ្មីៗ មានជនខិលខូចមួយចំនួន បាននាំចូលផលិតផលម៉ាក GoPro ដោយគ្មានការធានាច្បាស់លាស់ ទើបធ្វើឲ្យអតិថិជនមួយចំនួន មានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង។ ដូច្នេះហើយក្រុមហ៊ុនធំរបស់ GoPro បានអំពាវនាវឲ្យអតិថិជន ទាំងអស់ប្រុងប្រយ័ត្ន និងរកទិញ GoPro ពីហាងដែលលោកអ្នកអាចទុកចិត្តបាន។ នៅពេលទិញផលិតផលម៉ាក GoPro សូមកុំភ្លេចសួររកប័ណ្ណ ធានាពីក្រុមហ៊ុន។
នៅក្នុងកម្មវិធីនេះ តំណាងក្រុមហ៊ុនកាំមេរ៉ា GoPro មកពីប្រទេសសឹង្ហបូរី បានធ្វើបទបង្ហាញនូវបចេ្ចកទេស និងបច្ចេកវិទ្យាថ្មីៗ ដែលទើបតែបានធ្វើ ការអភិវឌ្ឍថ្មីរបស់ GoPro រួមជាមួយនឹងការនាំមកនូវបទពិសោធន៍ នៃការប្រើប្រាស់កាមេរ៉ាដ៏តូចនេះឲ្យកាន់តែមានប្រសិទ្ធិភាព ខ្លាំងថែមទៀត។ អ្វីដែលពិសេសនោះ គឺអ្នកជំនាញបាននាំមកនូវគំនិតថ្មីល្អៗ ទាំងការបង្ហោះ Drone ក៏ដូចជារបៀបនៃការភ្ជាប់ឲ្យមានភាពរហ័សហើយនឹងការបញ្ជា ឧបរករណ៍នេះឲ្យកាន់តែមានភាពងាយស្រួលផងដែរ។
បន្ថែមពីលើនេះ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនកាំមេរ៉ា GoPro មកពីប្រទេសសឹង្ហបូរី ក៏បានបង្ហាញនូវ Application រួមជាមួយនឹងមុខងារថ្មីៗ ទំនើបៗ ដែលមានលើកាមេរ៉ា Gopro Hero 6 ផងដែរ៕