(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាលី ខេត្តយូណាន ប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
ការអញ្ជើញទៅចូលរួមកិច្ចប្រជុំខាងលើនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងតាមការអញ្ជើញរបស់លោក វ៉ាង យី(Wang Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ។
ក្រសួងការបរទេស បានប្រកាសថា កិច្ចប្រជុំនេះ នឹងផ្តល់នូវឱកាសដ៏ល្អ ក្នុងការលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពដែលមានស្រាប់ នៅក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង ក៏ដូចជាធ្វើការពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាខែមករា ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំនេះ ក៏រំពឹងនឹងមានការអនុម័តលើឯកសារសំខាន់ៗ ដូចខាងក្រោម៖
* សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៣
* បញ្ជីគម្រោងដែលឧបត្ថម្ភដោយមូលនិធិពិសេសរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ២០១៧ និង
* ខ្សែទូរស័ព្ទបន្ទាន់នៃលេខាធិការដ្ឋានជាតិ និងក្រុមសម្របសម្រួលរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងពិធីតាំងពិព័រណ៍រូបថតស្តីពីសមិទ្ធិផលនានានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់គេហទំព័រផ្លូវការ នៃលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងចិន ព្រមទាំងអញ្ជើញធ្វើសន្និសិទកាសែតរួមគ្នាដោយសហប្រធានទាំងពីរ ជាមួយលោក វ៉ាង យី។
គួរកត់សម្គាល់ថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើង នៅក្នុងកិច្ចប្រជុំលើកទី១របស់រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងជិនហុង ខេត្រយូណាន ប្រទេសចិន ដោយឈរលើគោលការណ៍កុងសង់ស៊ីស ការបើកចំហរ បរិយាប័ន្ន សមភាព ការពិគ្រោះយោបល់ និងសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែករួម និងផលប្រយោជន៍រួមគ្នា និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា៕