(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីហ្ស៊ីខម យល់យ៉ាងច្បាស់ថា ការអានសៀវភៅពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា, ដូច្នេះហើយ ទើបយើងគាំទ្រយ៉ាងខ្លាំងក្លា នូវគោលនយោបាយលើកកម្ពស់ការអានសៀវភៅ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាស «ពិព័រណ៍សៀវភៅថ្នាក់ជាតិ នៅកម្ពុជា» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១២ ខែធ្នូ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះមានសារសំខាន់មួយ ក្នុងការលើកកម្ពស់ការអានសៀវភៅ ត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធម នៅបណ្ណាល័យជាតិ ក្រោមការចូលរួមពីសំណាក់អធិបតី ភ្ញៀវកិត្តិយស និងអ្នកចូលរួមជាច្រើនរូប ដែលក្នុងនោះក្រុមហ៊ុន អ៊ីហ្ស៊ីខម ក៏ជាអ្នកឧបត្ថម្ភធំមួយផងដែរ។
ស្របតាមប្រធានបទ «អានច្រើន បង្កើនឱកាស» ដែលជាប្រធានបទ នៃពិព័រណ៍សៀវភៅ ថ្នាក់ជាតិឆ្នាំនេះ ក្រុមហ៊ុន អ៊ីហ្ស៊ីខម សូមចែករំលែកគំនិតពិចារណា អំពីសារៈសំខាន់នៃការអានសៀវភៅ ក្នុងជីវិតប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ។
ទោះបីបច្ចេកវិទ្យាកំពុងវិវឌ្ឍទៅមុខជាលំដាប់ តែការអានសៀវភៅ នៅតែជាផ្នែកដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍចំណេះដឹង ទាំងសម្រាប់មនុស្សពេញវ័យ និងកុមារ-យុវជន ដែលកំពុងសិក្សារៀនសូត្រ ក្នុងគ្រឹះស្ថានអប់រំនានា នៅកម្ពុជា។ នៅគ្រឹះស្ថានអប់រំជាច្រើន សៀវភៅ គឺជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់បំផុតមួយ សម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជាផ្សេងៗ តាំងពីភាសា វប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្រ្តផ្សេងទៀត។ សមត្ថភាពពេលប្រលងរបស់សិស្ស នៅតែពឹងផ្អែកយ៉ាងខ្លាំងក្លាលើការអាន និងមើលសៀវភៅដោយខ្លួនឯង នៅពេលទំនេរពីម៉ោងសិក្សា។ នេះជាឧទាហរណ៍ ដែលសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការអាន ក្នុងការសិក្សា។
សម្រាប់មនុស្សពេញវ័យ ការបង្កើតទម្លាប់អានសៀវភៅជាប្រចាំ មានប្រយោជន៍ពង្រីកចំណេះដឹងទូទៅរបស់គាត់ និងពង្រឹងប្រាជ្ញាស្មារតី ក្នុងការត្រិះរិះពិចារណា។ ការស្រាវជ្រាវបានរកឃើញថា បុគ្គលដែលអានសៀវភៅជាប្រចាំ មានការចងចាំល្អ មានអារម្មណ៍តានតឹងតិច និងមានការផ្ចង់អារម្មណ៍ក្នុងការងារ បានល្អជាងអ្នកដែលមិនអានសៀវភៅជាប្រចាំ។ សូម្បីនៅក្រុមហ៊ុន អ៊ីហ្ស៊ីខម ដែលយើងផ្តោតលើការផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់ ក៏យើងនៅតែលើកទឹកចិត្តយ៉ាងសកម្ម អោយបុគ្គលិករបស់យើងអានសៀវភៅជាប្រចាំ។ ក្រុមហ៊ុន ក៏មានកម្មវិធី ដែលបុគ្គលិកអាចខ្ចីសៀវភៅល្អៗយកទៅអានទៀតផង។
ជាចុងក្រោយ ក្រុមហ៊ុន អ៊ីហ្ស៊ីខម អាចនិយាយបានដោយជាក់ច្បាស់ថា ការអានសៀវភៅពិតជាមានសារៈសំខាន់មិនអាចខានបាន ហើយសូមលើកទឹកចិត្ត អោយប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បង្កើតទម្លាប់អានសៀវភៅ ទោះជាតិចក្តី ច្រើនក្តី ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួន និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ឲ្យបានរីកចម្រើនតទៅ៕