(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែបញ្ជាក់ថា គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសុខភាព ការលើកកម្ពស់សុខភាព ការការពារជំងឺ និងគ្រោះថ្នាក់ របស់ប្រជាពលរដ្ឋ កាត់បន្ថយការឈឺចាប់ តាមរយៈការព្យាបាល និងការជួយផ្តល់ប្រឹក្សាចំពោះបុគ្គលម្នាក់ៗគ្រួសារ និងសហគមន៍ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកសន្និសីទជាតិគិលានុបដ្ឋាក និងឆ្មប លើកទី៧, នៅថ្ងៃទី១១ធ្នូ ឆ្នាំ២០១៧ ដែលប្រព្រឹត្ដធ្វើឡើង នៅCKCC ដែលបានមានការអញ្ជើញចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា «គិលានុបដ្ឋាក និងឆ្មប ជាកម្លាំងដែលច្រើនជាងគេតែមួយគត់ នៅជាប់ជាមួយអ្នកជំងឺ២៤ម៉ោង ជាកម្លាំងចលកររបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ គោលដៅតែមួយគត់ គឺការផ្តល់សេវាថែទាំប្រកបដោយគុណភាព ដោយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ដែលមានផ្ទៃពោះ បានទៅទទួលសេវាសុខភាព ពីឆ្មប ដែលបានបណ្ដុះបណ្ដាលនៅក្នុងប្រទេស គឺមានចំនួនលើសពី៩៥% ហើយ»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល ដោយឡែកផ្នែកថែទាំសុខភាព ត្រូវបានបង្កើតឲ្យមានគណៈគិលានុបដ្ឋាក និងគណៈឆ្មប ដើម្បីពង្រឹងសមត្ថភាព ដល់សមាជិក របស់ខ្លួន និងបានអភិវឌ្ឍន៍ពីបរិញ្ញាបត្ររង ទៅបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតវិទ្យាសាស្រ្តថែទាំ ដែលជាប្រវតិ្តសាស្រ្តវិជ្ជាជីវៈថែទាំ នៅកម្ពុជា មិនធ្លាប់មានពីមុនមក។
លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមនី្ទរពេទ្យ បានឲ្យដឹងថា៖ សន្និសីទឆ្នាំ២០១៧ ជាការសាកល្បងលើកទី១ ដែលតម្រូវឲ្យអ្នកចូលរួមធ្វើការចុះឈ្មោះចូលរួមដោយខ្លួនឯង ដើម្បីឆ្លើយតប ទៅនឹងសេចកី្តត្រូវការចាំបាច់នូវចំណេះដឹងថ្មីបន្ថែម សម្រាប់ពង្រឹងសមត្ថភាពខ្លួនម្នាក់ឆ្ពោះទៅរកគុណភាព ហើយចំនួនអ្នកបានចុះឈ្មោះចូលរួមសន្និសីទនេះ សរុបមានចំនួន ៤៥០នាក់ ក្នុងនោះមានគិលានុបដ្ឋាក១៤០នាក់ ក្នុងចំណោមគិលានុបដ្ឋាកសរុប ១៨,២៣០នាក់ ដែលមកពីមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ។ ចំណែកឯឆ្មបវិញ បានចុះឈ្មោះចូលរួមចំនួន ៣១០នាក់ ក្នុងចំណោមឆ្មបសរុបទាំងអស់ ៩,៦៣០នាក់ ទូទាំងប្រទេស មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនពោល គឺចំនួនឆ្មប ដែលបានចុះឈ្មោះចូលរួមសន្និសីទ លើសចំនួនគិលានុបដ្ឋាកជិត៣ដង៕