(ភ្នំពេញ)៖ ភាពយន្ដចល័តចិន-ខ្មែរ កំពុងចាក់បញ្ចាំជាលើកទី២ នៅក្នុងប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយស្ថាតទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន ដើម្បីបង្ហាញពីការផ្លាស់ប្ដូរ ចែករំលែកពីទំនៀមទំម្លាប់ និងស្មារតីសាមគ្គីរវាងប្រទេសទាំងពីរ។
ថ្លែងក្នុងកម្មវិធីចាក់បញ្ចាំនាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ ដំណើរភាពយន្ដចល័តចិនខ្មែរលើកទី២ នឹងចាក់បញ្ចាំងខ្សែភាពយន្ដចិនដ៏ល្បីល្បាញ ចំនួន៣រឿងជូនដល់ប្រជាជនកម្ពុជាទស្សនា ដែលក្នុងអត្ថន័យសាច់រឿង បង្ហាញពីប្រវត្តិសាស្រ្ដ វប្បធម៌ និងការអភិវឌ្ឍនៃសង្គមចិនផងដែរ។ រឿងទាំងនោះរួមមាន ១៖ រឿង ព្រះគ្រូ ស៊ានចាំង ទៅចម្លងធម៌ ២៖ រឿង កុងហ្វួ-យូហ្គា និងទី៣រឿង សំណុំរឿងនៅឆាយណាថោន។
លោកបានបន្ដទៀត ការចាក់បញ្ចាំងខ្សែភាពយន្ដនេះ ជាការជំរុញឲ្យកាន់តែ មានការចាប់អារម្មណ៍ ចំពោះលក្ខណៈទាក់ទាញពិសេស
របស់វប្បធម៌នៃប្រទេសចិន និងកាន់តែយល់ច្បាស់ ពីប្រទេសចិនថែមទៀតផង។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា នេះជាការចាប់ផ្ដើមម្ដងទៀតហើយចំពោះ ភាពយន្ដចល័តចិនខ្មែរដ៏ឆ្នើមលើកទី២ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរ ស្វែងយល់ពីវប្បធម៌ ទំនៀមទំម្លាប់ ប្រពៃណីរវាងប្រទេសទាំងពីរ។
លោកស្រីបន្ដទៀតថា ជាច្រើនឆ្នាំកន្លងមកហើយ ដែលស្ថានទូតចិនប្រចាំកម្ពុជា រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន តែងតែមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាញឹកញាប់ជាមួយនឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសសេលើផ្នែកសិល្បៈនិងវប្បធម៌នេះតែម្ដង។
នៅថ្ងៃចាក់បញ្ចាំងភាពយន្ដឆ្នើលើកទី២ របស់ចិន-កម្ពុជានេះ ក៏ត្រូវនឹងថ្ងៃខួប៩ឆ្នាំ នៃការចាក់ផ្សាយសម្លេងរបស់វិទ្យុមិត្តភាពកម្ពុជាចិន ដែលវិទ្យុមិត្តភាពកម្ពុជាចិន ចាប់ផ្តើមផ្សាយសម្លេងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ ហើយបច្ចុប្បន្ននេះ វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយ
តាមរយៈរលកអាកាស FM96.5 MHz នៅរាជធានីភ្នំពេញ និង FM105 MHz នៅខេត្តសៀមរាបដោយ ផ្សព្វផ្សាយពីសម្លេងមិត្តភាពពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៕