កម្ពុជានឹងរៀបចំពិធីអបអរសាទរខួបទី២៥ នៃការដាក់បញ្ចូលអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅមុខប្រាសាទអង្គរ នាថ្ងៃទី១៤ ខែធ្នូ !
12-12-2017 07:00
(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលប្រាសាទអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ។
ទិដ្ឋភាពដ៏អស្ចារ្យទាំងស្រុង នៃការថតរូបជាប្រវត្តិសាស្ត្រនេះ នឹងបង្ហាញជូនបងប្អូនជនរួមជាតិ បានឃើញក្នុងពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា កម្ពុជាបានដាក់បញ្ជូនសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី សរុបចំនួន៧ហើយ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងនោះរួមមាន៖
១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
២៖ របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
៤៖ ប្រាសាទព្រះវិហារ (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
៥៖ ល្បែងទាញព្រ័ត្រ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥។
៦៖ ចាប៉ីដងវែង (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
៧៖ ប្រាសាទសំបូរព្រៃគុក (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧៕