(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៩លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់២១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២១គ្រឿង រថយន្តតូច៦គ្រឿង, រថយន្ដធុនធំ៦គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, ស្រវឹង, មិនប្រកាន់ស្ដាំ, កត្តាយានយន្ដ និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៨នាក់ របួសធ្ងន់ចំនួន១១៨នាក់ និងរបួសស្រាលចំនួន៤២នាក់៕