(តាកែវ)៖ ប្រជាពលរដ្ឋ ដែលរស់នៅភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានសម្ដែងការរំភើបសប្បាយចិត្ដ ស្ទើរស្រក់ទឹកភ្នែក ចំពោះការយកចិត្ដទុកដាក់ និងជួយរាល់ទុក្ខលំបាក របស់ពួកគាត់ គ្រប់ពេលវេលា គ្រប់ទីកកន្លែង ពីសំណាក់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ការលើកឡើង របស់ប្រជាពលរដ្ឋបែបនេះ ក្នុងឱកាសសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីគ្រប់លំដាប់នៃកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងជួយច្រូតស្រូវរបស់គាត់ ព្រមទាំងផ្ដល់អំណោយ ដល់លោកយាយ ចាស់ជរា និងក្រុមគ្រួសារ ក្នុងភូមិនេះផងដែរ។
អ្នកមីង ប្រាក់ ផៃ ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ បានប្រាប់ឲ្យដឹងថា «ខ្ញុំរំភើប និងសប្បាយត្រេកអរយ៉ាងខ្លាំង ក្ដុកក្ដួលក្នុងចិត្ដ ព្រោះចង់ឃើញគាត់ណាស់ ចង់ឃើញមែនទេ ថ្ងៃនេះបានឃើញហើយ សម្ដេចថែមទាំងមកជួយការងារច្រូតស្រូវរបស់ពួកខ្ញុំទៀត ដែលបានជួបផ្ទាល់ ជាមួយសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពួកយើងជាកូនចៅ ចង់ឲ្យសម្ដេចអញ្ជើញចុះមកឆ្នាំក្រោយៗទៀត»។
លើសពីនោះ បងស្រី ពុទ្ធី ដែលអ្នកភូមិនៅទីនោះ ក៏បានលើកឡើងដែរថា «ការអញ្ជើញមក របស់សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ពួកយើងសប្បាយចិត្ដ កក់ក្ដៅគ្មានអ្វីផ្ទឹមមិនបានទេ ហើយនេះជាលើកទី១ហើយ ក្នុងជីវិតខ្ញុំនេះ ហើយបើឆ្នាំក្រោយ គាត់បានអញ្ជើញមកទៀត ពិតជាល្អប្រសើរណាស់ ហើយខ្ញុំសូមអរគុណសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលកន្លងមកចុះជួយប្រជាពលរដ្ឋយើង នៅទីនេះបានច្រើនណាស់ ទាំងភស្ដុភាព អណ្ដូងទឹក និងជួយផ្សេងៗទៀតជាច្រើន ហើយក៏សូមឲ្យសម្ដេចប្រធាន បន្ដជួយពួកយើងតទៅទៀត» ។
ទន្ទឹមនឹងនោះ លោកតា ឡាយ ភឿន បានសម្ដែងអារម្មណ៍របស់គាត់ដែរថា «ខ្ញុំក៏សប្បាយរីករាយខ្លាំងណាស់ ពីមុនមកខ្ញុំមិនដែលបានជួបប្រទះឃើញទេ ទើបលើកនេះទេ បានជួបនិងឃើញទិដ្ឋភាព ផ្ទាល់ភ្នែក សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះជួយប្រជាពលរដ្ឋ ដែលធ្លាប់តែឃើញតាមទូរទស្សន៍ ឃើញហើយដឹងហើយ សប្បាយចិត្ដណាស់ បើមានលើកក្រោយ មិនមែនខ្ញុំទេ គឺប្រជាជនទូទៅ ចង់ឃើញ សម្ដេច ពិសេសការយកចិត្ដទុកផ្ទាល់ ពីសម្ដេច ដោយកន្លងមកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជួយធ្វើថ្នល់ ធ្វើស្ពាន ធ្វើមន្ទីរពេទ្យ សាលារៀន ជួសជុលព្រះវិហារ អណ្ដូងទឹក គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ គឺជួយធ្វើទាំងអស់។ ខ្ញុំថ្លែងអំណរគុណ និងសូមឲ្យសម្ដេចទាំងពីរ ឲ្យបន្ដការគ្រប់គ្រងប្រទេសតទៅមុខទៀត ដើម្បីឲ្យប្រជាជនរស់នៅមានសន្ដិភាព និងប្រទេសជាតិកាន់រីកចម្រើនរហូតទៅ»។
ព្រមជាមួយគ្នានោះ អ្នកមីង ដួង រ៉េន បានថ្លែងសេចក្ដីរំភើបរីករាយដែរថា «ក្នុងនាមខ្ញុំផ្ទាល់ និងប្រជាជន ទូទាំងភូមិព្រៃខ្វាវ សប្បាយរីករាយជាអនេក ដែលសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះមកដោយផ្ទាល់មកជួយច្រូកកាត់ស្រែចំការរបស់ពួកយើង ត្រេកអរគ្មានអ្វីផ្ទឹមបានទេ ដែលកន្លងមកមានតែសម្ដេចទេ ដែលតែងតែចុះមកជួយប្រជាជននៅក្នុងស្រុកយើងនេះ ដែលសុខទុក្ខរបស់ប្រជាជនយើង ទាំងគ្រោះមហន្ដរាយទឹកជំនន់ គ្រោះរាំងស្ងួត ជួយជនក្រីក្រ ចាស់ជរា និងក្មេងកំព្រា ។
គួររម្លឹកថា កាកបាទក្រហមកម្ពុជា បានជួយដល់ប្រជាជនងាយរងគ្រោះ ទៅដល់ទីតាំងតែម្ដង ភ្លាមៗទាន់ពេលវេលាគ្រប់ទីកន្លែង មានគ្រោះមហន្ដរាយនានា ភ្លើងឆេះផ្ទះ ក្នុងនោះ ក៏បានជួយជីកអណ្តូងជាច្រើនពាន់អណ្តូង សាងសង់ផ្ទះ សាលារៀន ជាច្រើនខ្នង ផ្ដល់ស្បៀង និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ ពូជសាសន៍នោះឡើយ ។
តាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដតាកែវ បានឲ្យដឹងថា ការងារបង្កបង្កើនផល រដូវវស្សានេះ ក្នុងការស្ទូង និងព្រោះបាន ៣៥,៦៨៦ហិចតា ស្មើនឹង ១០៣.៤៩% លើផែនការ ៣៤,៤៨១ហិចតា ច្រូកកាត់ បាន ១៩,៦២៧ហិចតា ស្មើនឹង៥៥% ទទួលបានទិន្នផលមធ្យម តោនក្នុងមួយហិចតា បរិមាណផលសរុប ៦៨,៦៩៥តោន គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។
ដោយឡែក នៅក្នុងឃុំត្រពាំងខាងជើង ផែនការ ២,២១ហិចតា អនុវត្ដបាន ២,៤៣៧ហិចតា ស្មើនឹង១០៩%។ ដំណាំរួមផ្សំ និងបន្លែ ដំឡូងមី ជ្វា បាស សណ្ដែកបាយ សណ្ដែកដី ពោត អំពៅ ឪឡឹក បន្លែគ្រប់មុខ ទទួលបានផលល្អ ក្នុងឆ្នាំ២០១៧នេះ បើប្រៀបធៀបនិងឆ្នាំ២០១៦កន្លងទៅ លើការងារបង្កបង្កើនផលស្រូវ នៅក្នុងខេត្ដនេះ ដោយមានការជួយគាំទ្រ យ៉ាងសកម្មពី រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ ចុះជួយខេត្ដ ស្រុកឃុំ ទើបប្រជាពលរដ្ឋ ទទួលបានបច្ចេកទេស បទពិសោធន៍ល្អ យកទៅអនុវត្ដន៍ ក្នុងវិស័យកសិកម្ម ទើបទទួលបានជោគជ័យ និងរីកចម្រើន៕